0
ក្រសួងសិទ្ធិមនុស្ស របស់ប្រទេសអ៊ីរ៉ាក់ បានអះអាងថា ទាហានឧទ្ទាម រដ្ឋអ៊ីស្លាម (IS) ម្នាក់ ដែលត្រូវ បានគេស្គាល់ថា មានឈ្មោះ Abu Anas Al-Libi បានសម្លាប់ស្ត្រី មិនតិចជាង ១៥០ នាក់ មិនញញើតដៃ នាភាគខាងលិច នៃខេត្ត Al-Anbar ដោយសារតែពួកនាង បដិសេធ មិនព្រមរៀបការ ជាមួយគេ។ ប្រភពព័ត៌មានបានបន្តទៀតថា ទាហានឧទ្ទាម រដ្ឋអ៊ីស្លាម ម្នាក់នេះ បានសម្លាប់ ពួកនាង នៅមុនពេល កប់សាកសព នៅផ្នូរដ៏ធំមួយ នៅទីក្រុង Fullujah ខេត្ត Al Anbar ប្រទេសអ៊ីរ៉ាក់។ ក្នុង ចំណោម ស្ត្រីរងគ្រោះទាំងនេះ មួយភាគធំ សុទ្ធសឹងតែជា ជនជាតិ Yazidis (សហគមន៍សាសនា Kurdish) បានបដិសេធ មិនព្រមរៀបការ ក្លែងក្លាយបណ្តោះអាសន្ន ជាមួយនឹងពួកទាហាន រដ្ឋអ៊ីស្លាម (IS) ក្នុងគោលបំណង ដើម្បីក្លាយខ្លួនជា ទាសករភេទ របស់ពួកគេ ដែលហេតុនេះហើយ ទើបបណ្តាលឲ្យ មានសោកនាដកម្ម សម្លាប់រង្គាល បង្ហូរឈាម មួយនេះ។ ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ សេចក្តីថ្លែងការណ៍មួយ បានចេញផ្សាយ ដោយ សរសេរថា៖ «យ៉ាងហោចណាស់ ស្ត្រីប្រមាណជា ១៥០ នាក់ រួមមានស្ត្រីមានផ្ទៃពោះ ត្រូវសម្លាប់ នៅទីក្រុង Fallujah បន្ទាប់ពីពួកនាង បដិសេធ មិនទទួលអាពាហ៍ពិពាហ៍ ជីហាត»។ ក្រុមឧទ្ទាម ISIS មកទល់ពេលនេះ បានចាប់បង្ខាំងទុក នូវស្ត្រីនិងក្មេងៗ ប្រមាណជាង ២ ៥០០ នាក់ហើយ ដែលភាគច្រើន គឺចាប់បាន នាទីក្រុង Raqqa ប្រទេសស៊ីរី យកទៅលក់ឲ្យ ក្រុមឧទ្ទាម ទាំងនេះ ដើម្បីទុកជាកាដូ សម្រាប់មេដឹកនាំ និងខ្លះទៀត សម្រាប់ជា ទាសករផ្លូវភេទ។ គួរបញ្ជាក់ផងដែរថា ក្រុមឧទ្ទាមទាំងនេះ បានក្តោបក្តាប់ មួយផ្នែកធំ នៃភាគខាងលិច ខេត្តAnbar ដើម្បីជា មូលដ្ឋាន បន្តពង្រីកដែនដី ពីប្រទេសអ៊ីរ៉ាក់ ភ្ជាប់ទៅកាន់ ប្រទេសស៊ីរី ខណៈក្រុមគ្រួសារ ជាច្រើន ដែលរស់នៅ ទីប្រជុំជន Al-Wafa ភាគខាងជើងនៃខេត្តនេះ ក៏ត្រូវជម្លៀស បង្ខំចិត្តចាកចេញ ពីទីលំនៅផងដែរ បន្ទាប់ពីទទួលរង ការគម្រាម គំហែងសម្លាប់នោះ៕

ប្រភព៖ ដេលីម៉ែល | Independent

Post a Comment

 
Top