តខ្សែភ្លើងឆក់ត្រី ឆក់ហើយទុកចោលមិនផ្តាច់ភ្លើងវិញ ក្មេងៗកាន់លេងឆក់ស្លាប់ម្នាក់
ខេត្តព្រៃវែង ៖ កុមារាអាយុ៣ឆ្នាំម្នាក់បានស្លាប់ពេលក្រុមគ្រួសារដឹកដល់មន្ទីរពេទ្យ ដោយសារឆក់ខ្សែភ្លើងដែលគេតយកទៅឆក់ត្រី ហើយភ្លេចដកឌុយភ្លើងចេញវិញ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ ធ្នូ ២០១៤ នៅចំណុចក្បែរមាត់ស្រះខាងកើតផ្ទះរបស់គេចំងាយ៥០ម៉ែត្រ។ កុមារារងគ្រោះខាងលើមាន ឈ្មោះ ហុន ភក្រា អាយុ៣ឆ្នាំ មានទីលំនៅក្នុងភូមិឩត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៧យប់ ថ្ងៃទី២៨ ធ្នូ ឈ្មោះ លត ឌី អាយុ២៦ឆ្នាំ ដែលជាអ្នកជិតខាងគ្នាជាមួយគ្រួសារកុមារារងគ្រោះ បានតខ្សែភ្លើងចេញពីផ្ទះម្តាយក្មេករបស់គេ ដោយពង្រាយខ្សែទំលាក់នឹងដីអូសទៅកាន់មាត់ស្រះខាងក្រោយផ្ទះ ដើម្បីឆក់ត្រី ក្រោយពីឆក់ត្រីរួចហើយបានទុកឩបករណ៍ឆក់ត្រី និងខ្សែភ្លើងចោល ដោយមិនបានដកឌុយភ្លើង និងប្រមូលខ្សែភ្លើងទុកវិញនោះទេ។
រហូតដល់ស្អែកឡើងម៉ោងជិត២រសៀល មានក្មេងៗ៤-៥នាក់បានដើរទៅលេងក្បែរមាត់ស្រះនោះ ហើយកុមារារងគ្រោះ ហុន ភក្រា បានយកដៃចាប់កាន់ខ្សែភ្លើងនោះក៏បណ្តាលឱ្យឆក់គាំងនៅមួយកន្លែង ភ្លាម នោះបងស្រីកុមារារងគ្រោះឈ្មោះ តី អាយុ៨ឆ្នាំ បានលូកដៃទៅចាប់ប្អូនប្រុស ក៏ត្រូវភ្លើងឆក់ទៀត ប៉ុន្តែកុមារីឈ្មោះ តី ដឹងថាភ្លើងឆក់ក៏គ្រវាស់ដៃចេញពីប្អូនប្រុសភ្លាម ហើយរត់ទៅប្រាប់ម្តាយដែលនៅឯផ្ទះឱ្យរត់មកជួយភ្លាម ធ្វើឱ្យមានការផ្អើលឆោឡោ អ្នកខ្លះរត់ទៅដកឌុយផ្តាច់ភ្លើង អ្នកខ្លះរត់ទៅជួយកុមារារងគ្រោះនាំយកទៅកាន់មន្ទីរពេទ្យបង្អែកអ្នកលឿង ប៉ុន្តែពេលទៅដល់ គ្រូពេទ្យថា កុមារារងគ្រោះបានស្លាប់បាត់ទៅហើយ ទើបឳពុកម្តាយនាំយកកូនត្រឡប់មកផ្ទះវិញ ទាំងយំសោកបោកខ្លួនទ្រហឹងពេញផ្ទះ៕
ក្រោយពីដឹងថាកុមារ៉ា ហុន ភក្រា ឆក់ខ្សែភ្លើងស្លាប់ភ្លាម ឈ្មោះ លត ឌី ជាអ្នកដែលតខ្សែភ្លើងយកទៅឆក់ត្រី ហើយទុកខ្សែភ្លើងចោលបណ្តាលអោយឆក់ស្លាប់កុមារ៉ារងគ្រោះនោះ បានដឹងខ្លួន ហើយរត់គេចខ្លួនបាត់ស្រមោល ពេលសមត្ថកិច្ចទៅដល់បានត្រឹមចុះទៅដល់កន្លែងកើតហេតុកសាងសំណុំរឿង និងស្រាវជ្រាវតាមរកចាប់ខ្លួនជនបង្កតែប៉ុណ្ណោះ។
អ្នកស្រុកនៅក្បែកន្លែងកើតហេតុនោះបាននាំគ្នានិយាយថា ជនបង្កឈ្មោះ លត ឌី នេះត្រូវមានទោស២ជាន់លើគ្នា ទី១គឺទោសតខ្សែភ្លើងឆក់ត្រីខុសច្បាប់ និងទី២គឺទោសធ្វើអោយកុមារ៉ារងគ្រោះឆក់ស្លាប់ ដូច្នេះសមត្ថកិច្ចត្រូវតែចាប់យកទៅផ្តន្ទាទោសអោយបាន ហើយ មិនត្រូវអោយមានការសម្របសម្រួលសងជាសំណង រួចហើយដោះលែងវិញនោះទេ៕
ប្រភពពី:កោះសន្តិភាព
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.