0
រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ត្រូវ​ចោរ​ប្រដាប់អាវុធ​មួយ​ក្រុម​ដក​កាំ​ភ្លើង​អាមេ​ភ្ជង់ប្លន់យក​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ស៊េរីឆ្នាំ​២០១៥ មួយ​គ្រឿង ជិះ​គេច​ខ្លួន​ដោយ​សុវត្ថ​ភាព​ខណៈ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ទទួល​ប្រពន្ធ​ចេញ​ពី​ធ្វើការ ។

ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ២ និង​៤០នាទី​រំលង​អា​ធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៤​ធ្នូ ២០១៤ នៅ​ចំណុច​ទល់មុខ​មន្ទីរ​ពេទ្យ​របេង ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង២ ខណ្ឌ​ចំការមន ។

បុរស​រង​គ្រោះ​ឈ្មោះ កង ចេង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៣០៦ ផ្លូវ​២២០ ក្នុង​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ចំការ​មន ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម សេ១២៥​ ស៊េរីឆ្នាំ​២០១៥ ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ភ្នំ​ពេញ 1CU-0544 ។

ប្រ​ភព​ព័ត៌មាន​ពី​បុរស​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​បុរស​រង​គ្រោះ​បាន​ចេញ​ពី​ធ្វើការ​នៅ​ម្តុំ​មុខ​ទូត​កូរ៉េ ក្នុង​ខណ្ឌ​៧​មករា បន្ទាប់មក​បាន​ជិះ​ម៉ូតូ​មក​ទទួល​ប្រពន្ធដែល​ចេញ​ពី​ធ្វើការ​ម្តុំ​ពេទ្យ​របេង ក្នុង​ខណ្ឌ​ចំការ​មន ។ ​

បុរស​រង​គ្រោះបាន​​បើក​ម៉ូតូ​មក​ដល់​ចំណុច​កើត​ហេតុក៏បាន​ឈប់ម៉ូតូ​បម្រុង​ចុះ​ពី​លើ​ម៉ូតូ​ ភ្លាម​ៗ​នោះ​ក៏​លេច​មុខ​ក្រុម​ចោរ​ប្រ​ដាប់អាវុធ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម អត់ស្គាល់ស្លាក​លេខ​ពីរ​គ្រឿង​បាន​ដក​កាំ​ភ្លើង​អា​មេ ភ្ជង់បុរស​រង​គ្រោះ​យក​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ស៊េរីឆ្នាំ​២០១៥ រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​ដោយ​សុវត្ថ​ភាព ។

បុរស​រង​គ្រោះ​បាន​ឱ្យ​ដឹង​ទៀត​ថា ខណៈពេល​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រុម​ចោរ​បាន​ធ្វើ​ដំណើរ​តាម​​ពី​ក្រោយ​ខ្លួន តែ​ខ្លួន​មិន​ដឹង​នោះ​ទេ​ដោយ​សារ​តែ​ក្រុមចោរ​ជិះ​ម៉ូតូ​មិនបើក​ភ្លើង ។

ក្រោយពេល​កើត​ហេតុ​បុរស​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​បឹង​កេង​កង​២ ដើម្បី​ឱ្យ​សមត្ថ​កិច្ច​ជួយ​ស្រាវ​ជ្រាវ​រក​ម៉ូតូ​របស់ខ្លួន​ត្រ​ឡប់មក​វិញ ។

Post a Comment

 
Top