អាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដាវសាំម៉ូរៃប៉ុនប៉ងបង្កហិង្សា
រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួនជនសង្ស័យ៦នាក់នៅចំណុចទល់មុខ ថបក្លឹប ម្តុំនឹងផ្សារបឹងត្របែក ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់ដាវ សាំម៉ូរៃប៉ុនប៉ងបង្កហិង្សាជាមួយភាគីម្ខាងទៀត កាលពីវេលាម៉ោង ១២ និង ៤៥នាទីយប់ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ។
មន្ត្រីអាវុធហត្ថខណ្ឌចំការមនបានឱ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ ខាងលើនេះគឺ កម្លាំងអាវុធហត្ថបានជិះម៉ូតូដើម្បីធ្វើការល្បាតការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋានដូចសព្វដង ខណៈមកដល់ចំណុចក្លឹបថប ក៏ប្រទះឃើញមានយុវជនជាច្រើនក្រុមកំពុងបង្កភាពរញ៉េរញ៉ៃពេញក្លឹបកំសាន្ត មួយនេះ ប៉ុន្តែមិនទាន់ឈានដល់មានហិង្សារវាងគ្នានៅឡើយទេ ទើបកម្លាំងអាវុធបានចុះអន្តរាគមន៍ធ្វើការ បណ្តេញក្រុមយុវជនទាំងនោះឱ្យចេញពីទីតាំងខាងលើ ភ្លាមៗនោះ ក្រុមយុវជនជាច្រើនក្រុមនោះបាន បំបែកហ្វូងគ្នា ហើយជិះម៉ូតូចេញទៅបាត់រៀងៗខ្លួនដោយមិនមានរឿងអ្វីកើតឡើងនោះទេ ។
រហូតមកដល់វេលា ម៉ោងប្រមាណ១២ និង ៣០នាទីយប់ឈានចូលថ្ងៃទី២៤ ខែឆ្នាំដដែលនោះ ក្រុមយុវជនទាំងនោះដែលមានគ្នា ប្រមាណ១០ ទៅ២០នាក់ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដាវសុំាម៉ូរៃ និងដំបង ជិះម៉ូតូជាច្រើនគ្រឿងបាន ប្រមូលផ្តុំគ្នាទៅក្លឹបកំសាន្ត ហាយ ដើម្បីត្រៀមបង្កហិង្សាជាមួយភាគីម្ខាងទៀតដែលកំពុងអង្គុយនៅទីនោះ។ ប៉ុន្តែមិនទាន់បង្កជាហិង្សារវាងគ្នា និងគ្នាផងនោះ ស្រាប់ជនសង្ស័យជាច្រើននាក់ខាងលើ ត្រូវបាន កម្លាំងអាវុធហត្ថខណ្ឌ៧មករា បំបែកហ្វូងម្តងទៀត និងឡើងតាមវិទ្យុទាក់ទងប្រាប់ទៅកាន់បណ្តាខណ្ឌដទៃឱ្យ តាមឃ្លំមើលក្រុមយុវជនទាំងនេះ ព្រោះពួកគេបានចូលទឹកដីខណ្ឌ៧មករា ហើយបម្រុងប្រើប្រាស់ដាវសាំម៉ូរៃ និងដំបងត្រៀមបង្កហិង្សាជាអ្នកដទៃ ។
ឮដូចនេះ កម្លាំងអាវុធហត្ថតាមបណ្តាខណ្ឌនានាក៏បានធ្វើការកត់សម្គាល់ចំពោះក្រុមយុវជនខាងលើ រហូតមកដល់វេលាកើតហេតុម៉ោងប្រមាណ១២និង ៤៥នាទីថ្ងៃខែឆ្នាំដដែល នោះកម្លាំងអាវុធហត្ថខណ្ឌចំការមន ស្រាប់តែប្រទះឃើញក្រុមយុវជនខាងលើជិះម៉ូតូត្រឡប់មក ក្លឹបកំសាន្តថប វិញ ទើបកម្លាំងអាវុធហត្ថហៅពួកគេឱ្យឈប់ដើម្បីធ្វើការឃាត់ខ្លួន ប៉ុន្តែពេលដែលឃើញកម្លាំង ប៉េអឹមពួកគេមិនទាន់ឈប់នោះទេ គឺបានបែងចែកជើងគ្នារត់គេចខ្លួន តែទោះជាយ៉ាងណាកម្លាំងអាវុធហត្ថបានឃាត់ខ្លួន យុវជន៦នាក់ ក្នុងចំណោមបក្ខពួក និងដកហូតបានម៉ូតូ២គ្រឿង ( មួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1C-2594 និងមួយគ្រឿងទៀតម៉ាកណិច ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CJ-3567 ) រួមជាមួយដាវសុំាម៉ូរៃ១ដើមដែលក្រុមពួកគេ ប្លុងចោលនៅជិតចំណុចឃាត់ខ្លួន ។
ក្រោយឃាត់ខ្លួនភ្លាមៗ ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ចូនទៅកាន់ ទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌចំការមនដើម្បីសាកសួរបន្ថែមទៀត។
Post a Comment