0


ខេត្ត​កំពង់ស្ពឺ ៖ ឈើប្រណីត​ចំនួន​៣,៥​តោន​ ដឹក​តាម​រយន្ត​កូរ៉េមួយ​គ្រឿង ដែល​ជា​របស់​យោធា​ភូមិ​ភាគ​៣ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ស្ពឺ ធ្វើការ​បង្រ្កាប​ប្រគល់​ឱ្យ​ទៅ​ខាង​មេ​ព្រៃ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។

ការ​បង្រ្កាប​នេះ​គឺ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២ និង ១០​នាទីរំលង​អា​ធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៤ ខែធ្នូ ២០១៤ នៅ​លើ​កំណាត់ផ្លូវ​ជាតិលេខ៤ ស្ថិត​ក្នុង​ភូមិ​មនោរម្យ ឃុំ​ហោង​សំណំ​ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ។

លោក​អនុ​សេនីយ៍ទោ ​ទិ​ត្យ​វណ្ណៈ​ នាយ​ការរិយាល័យ​ព្រហ្ម​ទណ្ឌ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ឱ្យ​ដឹង​ថា ដោយ​មាន​បញ្ជា​ពី​លោក​វរៈសេនីយ៍​ត្រី មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ រូប​លោក​ក៏បាន​ដឹក​នាំ​កម្លាំង​ចំនួន​១៥​នាក់ រថយន្ត​ចំនួន​៣​គ្រឿង ចុះ​ធ្វើការ​ល្បាត ក៏បាន​ប្រទះ​ឃើញ​រថយន្ត​កូរ៉េ​មួយួគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ​ពណ៌​ស អត់មាន​ពាក់​ស្លាក​លេខ​​ក៏បាន​ឃាត់នៅ​ចំណុច​ខាង​លើ និង​បាន​ធ្វើការ​ត្រួត​ពិនិត្យ​ឃើញ​សុទ្ធ​តែ​ឈើ​ប្រណីត​ពេញ​មួយ​រថយន្ត ។

ក្រោយ​ពី​ឃាត់​រថយន្ត​ខាង​លើ​នេះ​ភ្លាម​ តៃ​កុង​រថយន្ត​បាន​បើក​ទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល បន្ទាប់​មក​ក៏ឃើញ​ទាហាន​២នាក់ ដែលម្នាក់​​គេស្គាល់​ថា​​ឈ្មោះ​ វណ្ណ វណ្ណៈ ពាក់សក្តិ៣ និង ម្នាក់ទៀត​ឈ្មោះ យឿង សារិន ពាក់សក្តិ៥ នៅ​​​ភូមិ​ភាគ​៣។​

ទាហាន​ទាំង​២​នាក់ រួម​ជា​មួយ​កម្លាំង​ទាហាន​ជា​ច្រើន​នាក់​ទៀត​ដែល​ប្រដាប់ដោយ​កាំ​ភ្លើង​​បាន​ជិះ​រថយន្ត​កាមរី​ស៊េរី​ឆ្នាំ​៩៣​ មួយ​គ្រឿង​ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​2A-7722 បាន​ចុះមក​ពី​រថយន្ត​ហើយ​និយាយ​ថា​ឈើ​នេះ​ជា​ឈើ​របស់មេ​ភូមិ​ភាគ​៣ ហើយ​ពួក​គេ​គ្រាន់តែ​ជា​អ្នក​នាំ​ផ្លូវ​តែប៉ុណ្ណោះ​។

លោក​យឿង សារិន បាន​ឱ្យ​ដឹង​ថា​ទំនាក់ទំនង​រត់ការមិន​បាន​ដឹង​ទេ​ គឺ​ឈ្មោះ វណ្ណ​​វណ្ណៈ ជា​អ្នករត់ការ​ជា​មួយ​ឈ្មួញ​ឈើ​ ហើយ​អ្វី​ដែល​លោក​ដឹង​គឺ​ឈើ​ទាំង​នោះ​ជា​របស់​ឈ្មោះ​វណ្ណៈ​ ហៅ​ណាក់ស្រមូម មាន​ទី​លំនៅ​នៅ​ភូមិ​ថ្មី សង្កាត់ការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។

ក្រោយធ្វើ​ការ​បង្រ្កាប​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បាន​ប្រគល់ឈើ​ប្រណីត​ទាំង​អស់​នេះ​ជូន​ទៅ​ខាង​ជំនាញ​រដ្ឋ​បាល​ព្រៃឈើសង្កាត់​សង្កែ​សាទប ដើម្បី​ធ្វើការ​វាស់វែង​និង​ចាត់ការតាម​និតិវិធី​ស្តីពី​ព្រៃ​ឈើ ។

គេនៅ​មិន​ទាន់ដឹង​ថា​ឈើ​ប្រណីត​ដែល​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បង្រ្កាប​បាន​នៅ​ពេលនេះ​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប​នៅ​ឡើ​យ​ទេ​ ដោយ​រង​ចាំ​វាស់វែង​ជា​ក្រោយ ។

 សូម​បញ្ជាក់ផងដែរ​ថា ក្នុង​ពេល​បង្រ្កាប​រថយន្ត​ដឹក​ឈើ​ប្រណីត​សមត្ថ​កិច្ច​បាន​ដក​ហូត​អាវុធ​ម៉ាក​AK 47 មួយ​ដើម​ ជា​របស់​ឈ្មោះ​យឿង សារិន នៅ​ជា​មន្រ្តីយោធា ពាក់សក្តិ៥​នៅ​ភូមិ​ភាគ​៣ ។

Post a Comment

 
Top