0

ខេត្ត​បន្ទាយ​មានជ័យ ៖ លោក​​វរសេ​នីយ៍ត្រី​សួន នី​ប៉ូ នាយ​រង​ការិយាល័យ​ចរាចរណ៍​​ខេត្ត​ឱ្យ​ដឹង​ថា​ ​បុរស​ម្នាក់​​ត្រូវ​​គេ​ប្រទះ​ឃើញ​​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម និង​​ស្ត្រី​ម្នាក់​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​០៦​ និង​៣០​នាទី​ល្ងាចថ្ងៃ​ទី​២២ ​ធ្នូ ​២០១៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​​​៥ ត្រង់​ចំណុច​ស្រះ​ដើម​អំ​ពិ​ល​ទឹក ​ក្នុងភូមិ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ក្រុង​សិរី​​សោភ័ណ ។

​ប្រភព​បាន​ឱ្យ​ដឹង​​ថា​​ បើ​តាម​ការ​ចុះ​ទៅ​ពិនិត្យ​​នៅ​កន្លែង​កើតហេតុ​ ជន​​រង​គ្រោះ​​ជិះ​​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ ​បន្ទាយ​​មាន​ជ័យ ​១F-៨៩០៥ ក្នុង​ទិស​ដៅ​ពី​​លិច​មក​កើត ហើយ​ត្រូវ​​​គេ​ស្គាល់ឈ្មោះ​ញៀន សាន អាយុ​២៦​ឆ្នាំ ចំណែកឯ​ស្ត្រី​រង​របួស​ធ្ងន់​ឈ្មោះ​ពៅ អាយុ​២៣​ឆ្នាំ ទាំង២នាក់​រស់នៅភូមិ​ថ្ម​​សិន សង្កាត់​​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មាន​ជ័យ ។

​ ទាក់ទិន​នឹង​ករណី​​ខាងលើ សមត្ថកិច្ច​បាន​​ដាក់​ការ​សង្ស័យ​​ថា អាចជិះ​​ម៉ូតូ​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​​ពេញទំហឹង ទើប​បណ្តាល​ឱ្យ​បុរស​ជា​ប្តី​ខ្ទាត​​ចេញពី​ម៉ូតូ​បោក​ក្បាល​​ទៅ​នឹង​ថ្នល់​ផ្លូវជាតិ​បែកក្បាល​​ស្លាប់ រីឯស្ត្រី​ជាប្រពន្ធ​រង​របួសធ្ងន់ដោយ​បា​ន​ដឹក​បញ្ជូន​ទៅ​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បុ​រី ។ ​

ក្រោយ​ពេល​កើតហេតុ អ្នក​បើក​គោ​យន្ត​​​បើក​គេច​បាត់​ ខណៈ​​​គ្មាន​មនុស្ស​ធ្វើ​ដំណើរ​ទៅ​មក​។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំ​នា​ញ​​ធ្វើការ​ស្រាវជ្រាវ​ និង​ហៅ​សាច់ញាតិ​មក​ទទួលយក​សព​​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ ​

Post a Comment

 
Top