0
រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ចេញផ្សាយ​នៅ​ថ្ងៃ​ទី១៩ ​ធ្នូ ​២០១៤ បានឲ្យ​ដឹង​ថា​ ពេល​នេះ អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​សម្រេច​ចេញ​ដីកា​បញ្ជូន​កំហុស​វិជ្ជាជីវៈ​របស់​មេធាវី គង់ សំ​អុ​ន សហ​មេធាវី​ជាតិ​ការពារ​ក្តី ខៀវ សំ​ផ​ន ទៅ​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បញ្ជូន​កំហុស​វិជ្ជាជីវៈ​របស់​មេធាវី Arthur Vercken និង​មេធាវី Anta Guisse សហ​មេធាវី​អន្តរជាតិ​ការពារ​ក្តី ខៀវ សំ​ផ​ន ទៅ​ប្រធាន​គណៈមេធាវី​ទី​ក្រុងប៉ារីស និង​អគ្គ​រដ្ឋ​អាជ្ញា​នៃ​សាលាឧទ្ធរណ៍​ទី​ក្រុងប៉ារីស​។

សាលាក្តី​បាន​លើក​ឡើង​ថា​ ដីកា​សម្រេច​បញ្ជូន​នេះ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​កំហុស​វិជ្ជាជីវៈ​របស់​ក្រុម​មេធាវី​ការពារ​ក្តី ខៀវ សំ​ផ​ន ចាប់ពី​ថ្ងៃ​ទី១៧ ​តុលា ​២០១៤ មក​។ អង្គ​ជំនុំជម្រះ​សាលាដំបូងបាន​យល់​ឃើញ​ថា ក្រុម​មេធាវី​ការពារ​ក្តី​បាន​រំលោភ​បំពាន​លើ​ដីកា​បង្គាប់​របស់​តុលាការ​ម្តង​ហើយ​ម្តងទៀត ក្នុង​ការ​ចូលរួម​កិច្ច​ដំណើរការ​នីតិវិធី​សវនាការ​នៅ​ក្នុង​សំណុំរឿង ០០២/០២ ដែល​ទ​ង្វើ​នេះ គឺជា​ការ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​កិច្ច​ដំណើរការ​នីតិវិធី​យ៉ាងធ្ងន់ធ្ងរ​ និង​ដោយ​ចេតនា​ ៕

Post a Comment

 
Top