លោកសម រង្ស៊ី ទៅដោះស្រាយជម្លោះផ្ទៃក្នុង គណបក្សរបស់ខ្លួននៅបារាំង
ភ្នំពេញ: ប្រធានក្រុមគាំទ្រ គណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំង រួមជាមួយគណៈកម្មាធិការនាយក ស្នើឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើការដោះស្រាយ បញ្ហាជម្លោះផ្ទៃក្នុង ដែលកំពុងតែកើតមានឡើង យ៉ាងរង្គោះរង្គើ នៅបារាំង រវាងក្រុមអ្នកគាំទ្រ ខាងលោក កឹម សុខា និងខាងលោក សម រង្ស៊ី។ បន្ទាប់ពីមានបញ្ហាជម្លោះផ្ទៃក្នុង គណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំង គឺលោក សម រង្ស៊ី រួមទាំងមន្ត្រីជាន់ខ្ពស់ មួយចំនួន បានធ្វើដំណើរចាកចេញពីកម្ពុជា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីទៅដោះស្រាយ កុំឲ្យមានការបែកបាក់ផ្ទៃក្នុង។
ចំណែកលោក កឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិ គ្រោងនឹងចេញដំណើរ ទៅប្រទេសបារាំង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤។ លោក ឯក សម ប្រធានអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំង បានធ្វើលិខិត ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ផ្ញើជូនលោក សម រង្ស៊ី បានឲ្យដឹងថា យោងតាមលិខិតបញ្ជាក់ របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ជូនមកដល់ថ្នាក់ដឹកនាំ និងក្រុមអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំង ទាំងពីរក្រុម លោករួមជាមួយ សមាជិកគណៈកម្មាធិការនាយក បានមូលគំនិតរួមគ្នា ស្នើជាយោបល់ដល់លោកប្រធាន សម រង្ស៊ី ឲ្យមានការជួបជុំគ្នា រវាងក្រុមទាំងពីរ ក្រោមអធិបតីភាពលោកប្រធាន ដើម្បីរកដំណោះស្រាយផ្ទៃក្នុង ជៀសវាងការបែកបាក់ផ្ទៃក្នុង ដែលជារូបភាពអាក្រក់បំផុត ចំពោះគណបក្សសង្គ្រោះជាតិ ដែលអាចឲ្យចំហាយអាក្រក់នេះ រាលដាលពាសពេញពិភពលោក និងជាពិសេស អាចនឹងរាលដាល ដល់ប្រជាពលរដ្ឋខ្មែរ ក្នុងស្រុកខ្មែរ មិនខាន។
ជាមួយគ្នានេះ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ លោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានធ្វើលិខិតជម្រាប ជូនថ្នាក់ដឹកនាំ និងក្រុមអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំងថា លោកបានទទួលព័ត៌មានថា គណបក្សសង្គ្រោះជាតិ ប្រទេសបារាំង ពីរក្រុមផ្សេងគ្នា បានជ្រើសរើស រៀបចំការជួបជុំមហាជន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ដោយអញ្ជើញឲ្យលោក ទៅចូលរួមទាំងពីរកន្លែង។ លោកបានបញ្ជាក់ថាៈ “ខ្ញុំមិនអាចធ្វើបែបនេះបានទេ ពីព្រោះខ្ញុំ ចង់ឲ្យក្រុមទាំងពីរ រួបរួមគ្នា ធ្វើតែមួយកន្លែង ក្នុងពេលតែមួយ តាមសេចក្តីជូនដំណឹងជាផ្លូវការ ពីថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ដែលមានហត្ថលេខា លោកប្រធាន សម រង្ស៊ី និងរូបខ្ញុំ ជាអនុប្រធាន”។ លោកកឹម សុខា ក៏បានអំពាវនាវ ឲ្យមានការជួបសន្ទនាគ្នា ជាបន្ទាន់ រវាងក្រុមទាំងពីរ ដើម្បីដោះស្រាយ បញ្ហានេះ។ លោក សម រង្ស៊ី អាចសន្ទនាជាមួយ គណបក្សប្រជាជនកម្ពុជា បានហេតុអ្វី អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដូចគ្នា មិនអាចសន្ទនាជាមួយគ្នា?៕
បន្តពី:vow-news
Post a Comment