ប៉ែន ចំរុង ចេញពីមួយ ចូលមួយ ចុងឆ្នាំ ២០១៤ និង ដើមឆ្នាំ ២០១៥!
ទីផ្សារសម្ដែង លោក ប៉ែន ចំរុង បានហក់ឡើងខ្ពស់នាចុងឆ្នាំ ២០១៤ និង ដើមឆ្នាំ ២០១៥ ខាងមុខ ដោយខ្សែភាពយន្តលោកបីរឿងដាក់បញ្ចាំងតាមរោងភាពយន្តបន្តបន្ទាប់គ្នានៅពេលនេះ។ ខ្សែភាពយន្តទាំងបីមានដូចជារឿង អាចារ្យបីសាសន៍ ទើបបញ្ចប់ការដាក់បញ្ចាំង រឿង អាព្រឿងងាប់ហើយ កំពុងដាក់បញ្ចាំងតាមរោងភាពយន្តនានា និងរឿង បង្គោលគ្រាក់ សង្កត់វិញ្ញាណ ត្រៀមនឹងដាក់បញ្ចាំងនាថ្ងៃ ៦ ខែ មករា ដើមឆ្នាំ ២០១៥។ តារាសម្ដែង និង ជាពិធីករ លោក ប៉ែន ចំរុង បង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលដឹងថា ខ្សែភាពយន្តរបស់ខ្លួនបីរឿងដាក់បញ្ចាំងបន្តបន្ទាប់គ្នានៅតាមរោងភាពយន្តនានានៅរាជធានីភ្នំពេញ និង តាមបណ្ដាខេត្ត។
ខ្សែភាពយន្តទាំងបីរឿងដាក់បញ្ចាំងបន្តបន្ទាប់គ្នាដូច្នេះ បានធ្វើឱ្យតារាសម្ដែងទស្សនិកជនដាក់នាមឱ្យថា អាឡប់ខាងលើ សម្ដែងក្ដីបារម្ភផងដែរ ថាអាចនឹងធ្វើឱ្យទស្សនិកជនមានការធុញទ្រាន់។ លោក ប៉ែន ចំរុងបញ្ជាក់ថា៖ “បារម្ភខ្លះដែរតើអូន ព្រោះអីចេញជាប់គ្នាពេក ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំគិតថាទស្សនិកជននឹងនៅតែគាំទ្ររូបខ្ញុំបាទ ដោយសាររឿងដែលខ្ញុំសម្ដែងមានភាពប្លែកពីគ្នាពីមួយរឿងទៅមួយរឿង”។ ទន្ទឹមនឹងការព្រួយបារម្ភតារាសម្ដែងមានប្រភពមកពីខេត្ត បាត់ដំបងរូបនេះ ក៏រំពឹងថាខ្សែភាពយន្តរបស់ខ្លួន បង្គោលគ្រាក់ សង្កត់វិញ្ញាណ ត្រៀមនឹងដាក់បញ្ចាំងដើមឆ្នាំ ២០១៥ នឹងអាចទទួលការគាំទ្រច្រើនដូច អាចារ្យបីសាសន៍បានដាក់បញ្ចាំងរួច ហើយ អាព្រឿងងាប់ហើយ កំពុងតែដាក់បញ្ចាំង។
បន្ថែមពីនេះ លោកចង់ឱ្យទស្សនិកជន ចូលរួមគាំទ្រខ្សែភាពយន្តផលិតដោយស្នាដៃកូនខ្មែរ ដើម្បីធ្វើឱ្យផលិតករគ្រប់រូប ក៏ដូចជាសិល្បករ សិល្បការិនីទាំងអស់មានទឹកចិត្តក្នុងការបន្តស្វែងរកអ្វីថ្មីៗទៀតជូនអ្នកទស្សនា។ បើទោះជាលោក ប៉ែន ចំរុង មានក្ដីបារម្ភខ្លះទាក់ទងនឹងស្នាដៃរបស់ខ្លួនដាក់បញ្ចាំងតាមរោងភាពយន្តបន្តបន្ទាប់គ្នាក្ដី។ សម្រាប់លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture និង ជាផលិតករ រឿង បង្គោលគ្រាក់ សង្កត់វិញ្ញាណ មិនបានសម្ដែងក្ដីបារម្ភឡើយចំពោះទីផ្សារអ្នកមើល។ មិនបារម្ភដោយលោកសម្អាងទៅលើការផលិតខ្សែភាពយន្តរបស់ផលិតកម្មខ្លួនកន្លងមកតែងទទួលការគាំទ្រច្រើនពីទស្សនិកជន។
លោក លៀក លីដា និយាយថា៖ “ខ្ញុំដឹងថា ចំរុង គាត់មានស្នាដៃច្រើនចុងឆ្នាំនេះ តែសម្រាប់ បង្គោលគ្រាក់ ដែលគាត់ចូលរួមសម្ដែងតួធំជាមួយ គ្រឿន និង BIG នឹងនៅតែជោគជ័យខ្ពស់ដូច 2brother ដែរ”។ ផលិតកររូបនេះស្នើឱ្យទស្សនិកជនចាំទស្សនារឿង បង្គោលគ្រាក់ សង្កត់វិញ្ញាណ ដែល ប៉ែន ចំរុង សម្ដែងលើកដំបូងជាមួយតារាសម្ដែងល្បីៗឈ្មោះនានាឱ្យផលិតកម្ម LD ដើម្បីឱ្យដឹងពីសាច់រឿងពិតប្រាកដ។ លោក ប៉ែន ចំរុង ជាតារាសម្ដែងល្បីឈ្មោះម្នាក់ដែលទទួលស្គាល់ពីទស្សនិកជន ក៏ដូចជាមិត្តសិល្បករ សិល្បការិនី ថាជាតារាមានទីផ្សារខ្ពស់ក្នុងប្រទេសកម្ពុជា។ ឆ្នាំ២០១៣ កន្លងទៅលោក ធ្លាប់ឈ្នះពានពីរម្នាក់ឯងពីកម្មវិធីអាណាចក្រតារា៕
ប្រភពពី:sabay
Post a Comment