រាជធានីភ្នំពេញ ៖ លោកឃឹម ប៉ុណ្ណ ចៅក្រមតុលាការកំពូល កាលពីព្រឹកថ្ងៃទី២៤ ធ្នូ បានបើកសវនាការជំនុំជម្រះបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់អតីតមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ពីបទឆបោកប្រាក់ឧកញ៉ា១លានដុល្លារកន្លះ ប៉ុន្តែក្រោយការសួរដេញដោល លោកចៅក្រមបានលើកពេលប្រកាសសាលដីកា ទៅថ្ងៃទី៣១ ធ្នូ ខាងមុខនេះវិញ។
ទោះបីយ៉ាងណាមេធាវីដើមបណ្តឹងបានស្នើដល់តុលាការកំពូលត្រូវឃុំខ្លួនជនឆបោករូបនេះក្នុងពន្ធនាគារបន្តទៀត ដោយសារសំណុំរឿងបានបិទការស៊ើបសួរ ហើយសាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការរឿងអង្គសេចក្តីនាពេលឆាប់ៗខាងមុខនេះ។
ជនជាប់ចោទបាននិយាយថា រឿងនេះបានកើតឡើងតាំងឆ្នាំ២០០៦ ហើយដើមបណ្តឹងបានប្តឹងទៅសាលាដំបូងខេត្តកណ្តាល និងសាលាដំបូងរាជធានីភ្នំពេញពីបទរំលោភលើសេចក្តីទុកចិត្តពាក់ព័ន្ធនឹងលុយជាង១លានដុល្លារ។
ជនត្រូវចោទមានឈ្មោះ ប៉ិច ហ៊ី អាយុ៣៥ឆ្នាំ មានទីលំនៅមុនពេលចាប់ខ្លួន ផ្ទះលេខ៦៧ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកលី លីបម៉េង សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១៧ កក្កដា ២០១៤ ក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០០៩ តាមបញ្ញត្តិមាត្រា ៣៩១ និង ៣៩២ នៃក្រមព្រហ្មទណ្ឌ៕
Subscribe to:
Post Comments (Atom)
Post a Comment