ភ្នំពេញ ៖ ហេតុការណ៍ ភ្ញាក់ផ្អើលដល់ព្រះសង្ឃ សិស្ស និងនិស្សិត ដែលស្នាក់នៅក្នុងវត្តមហាមន្ត្រី ខណ:ឃើញយុវជនម្នាក់ ដេកស្លាប់ក្បែរចេតិយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតក្នុងបរិវេណវត្តមហាមន្ត្រី ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន ។
តាមសេចក្តីរាយការណ៍ ពីព្រះសង្ឃមួយអង្គ ដែលគង់ នៅជិតកន្លែងកើតហេតុ បានមានសង្ឃដីកាថា នៅយប់មុនពេលកើតហេតុ យុវជនរងគ្រោះនេះ មកលេងមិត្តភក្តិដែលស្នាក់នៅក្នុងវត្ត និងបានដេកមួយយប់ ស្រាប់តែព្រឹកឡើងក៏មានការភ្ញាក់ផ្អើលតែម្តង ។
យុវជនរងគ្រោះឈ្មោះ ប៉ែន រស្មី អាយុ២២ឆ្នាំ ជានិស្សិតរៀននៅសាលាតិចណូ ឆ្នាំទី៣ ស្នាក់នៅសង្កាត់-ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ ។
ព្រះសង្ឃអង្គដដែល គង់នៅវត្តមហាមន្ត្រី និងមានស្រុកកំណើត ជាមួយជនរងគ្រោះ មានសង្ឃដីកាថា ជនរងគ្រោះជាមនុស្សស្លូតត្រង់ មិនមានបញ្ហាអ្វីក្នុងគ្រួសារ និងមិត្តភក្តិនោះទេ គេតែងតែខិតខំរៀន តាំងពីមកនៅភ្នំពេញ ។
ក្នុងថ្ងៃកើតហេតុ ជនរងគ្រោះបានមកលេងមិត្តភក្តិ ដែលស្នាក់នៅវត្តមហាមន្ត្រី និងបានជជែកលេងជាមួយគ្នា និងមិត្តភក្តិដទៃដូចសព្វដង ហើយក៏បានសម្រាកនៅក្នុងវត្ត ជាមួយមិត្តភក្តិមួយយប់ ស្រាប់តែមកដល់ព្រឹកថ្ងៃទី២៣ ខែធ្នូនេះ ក៏មានការភ្ញាក់ផ្អើលឆោឡោឡើងថា ជនរងគ្រោះបានលោត ពីលើសរសរដងទង់ក្នុងវត្តបាក់កស្លាប់បាត់ទៅហើយ ។
ម្តាយជនរងគ្រោះ បានឲ្យដឹងថា កូនរបស់គាត់ពុំដែលមានបញ្ហាក្នុងគ្រួសារ ឬមានវិបត្តិផ្លូវចិត្តនោះទេ គេតែងតែខិតខំរៀនសូត្រនិងធ្វើការបានប្រាក់ផ្ញើ ទៅឲ្យគាត់ជារឿយៗ ហើយការលោតសម្លាប់ខ្លួននេះ រូបគាត់ជាម្តាយក៏មិនដឹងមូលហេតុអ្វីដែរ បានជាកូនគិតខ្លីបែបនេះ ។
ក្រោយមកព្រះសង្ឃ និងក្រុមគ្រួសារជនរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យលើសពបានសន្និដ្ឋានថា ជនរងគ្រោះពិតជាលោតពីលើទីខ្ពស់ បណ្តាលឲ្យបាក់កស្លាប់ប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕
Subscribe to:
Post Comments (Atom)
Post a Comment