0

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ Scoopy ចំនួន៣០គ្រឿង ដែលគេដឹងថា អត់មានពន្ធ ដឹកតាមរថយន្តមួយគ្រឿង ត្រូវបានកងរាជអាវុធហត្ថ ឃាត់ធ្វើការត្រួតពិនិត្យ ។

 លុះព្រឹកឡើង ទើបម្ចាស់យកក្រដាស់ពន្ធ មកឲ្យត្រួតពិនិត្យ ដោយគ្មានជំនាញ ថាក្រដាស់ពន្ធនោះពិត ឫក៏ក្លែងក្លាយ ។ ខាងអាវុធហត្ថក៏ព្រមឲ្យ បន្តដំណើរចូលទៅ រាជធានីភ្នំពេញបាត់ទៅ ។ ការឃាត់ចាប់រថយន្ត ដឹកម៉ូតូដែលសង្ស័យថា គ្មានពន្ធនាំចូលនេះ ធ្វើឡើងនៅយប់ ថ្ងៃទី២២ ធ្នូ ២០១៤ នៅមុខមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកសំរោងទងតែម្តង ស្ថិតក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ។

 រថយន្តដែលដឹកម៉ូតូ Scoopy នោះ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-4723 ។ ប្រភពបានអោយដឹងថា មូលហេតុដែលបណ្តាល ឲ្យមានការឃាត់ ស្ទាក់ចាប់នោះ ដោយសារតែខាង អាវុធហត្ថ ស្រុកសំរោងទង សង្ស័យថា រថយន្តខាងលើ ដែលធ្វើដំណើរពី លិចទៅកើត មានដឹកបទល្មើស តែមិនដឹងថា ដឹកបទល្មើសអ្វីនោះទេ ។

 លុះពេលឃាត់បាន ទើបធ្វើការត្រួតពិនិត្យ ទៅឃើញមានម៉ូតូ Scoopy ជាច្រើនគ្រឿង ដែលគេដោះចេញ ជាបំណែកៗ តំរៀបគ្នា គ្របតង់ពីលើជិត ។ ប្រភពបន្តទៀតថា ក្រោយឃាត់ត្រួតពិនិត្យនោះគឺ ម៉ូតូទាំងនោះ មិនមានឯកសារ ឫពន្ធនាំចូលនោះទេ រហូតដល់ព្រឹកឡើង ទើបមានមនុស្ស យកក្រដាស់ពន្ធ មកអោយខាង អាវុធហត្ថត្រួតពិនិត្យ ដោយសារតែ មិនមានជំនាញក្នុងការ ពិនិត្យមើលក្រដាស់ពន្ធ ខាងអាវុធហត្ថ ក៏បានស្នើសុំឲ្យ មានមន្ត្រីគយប្រចាំ នៅកោះកុង មកជួយពិនិត្យ តែពុំមានការឆ្លើយតប ណាមួយពីខាង សមត្ថកិច្ចគយឡើយ ទើបខាងអាវុធហត្ថ ព្រមឲ្យរថយន្ត ដឹកម៉ូតូនោះ បន្តដំណើរចូលទៅ ក្រុងភ្នំពេញបាត់ទៅ ។

 បញ្ហានេះត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋ ជាច្រើនបានលើកឡើងថា រឿងនេះមិនមែន អស់លោកគយ ប្រចាំនៅកោះកុង មិនដឹងនោះទេ ហើយទំនងជាមាន មន្ត្រីមួយចំនួន ពាក់ព័ន្ធដឹងរឿងនេះដែរ ព្រោះថា ជារៀងរាល់យប់ គេតែងឃើញឡាន ក្រុមនោះដឹកម៉ូតូ ដោយមានគ្របតង់ពីលើ ចេញដំណើរពី ខេត្តកោះកុងមកភ្នំពេញ ។

 ម៉ូតូទាំងនេះ ត្រូវបានពួកឈ្មួញ នាំចេញមកពីប្រទេសថៃ ដោយប្រើរូបភាព ដោះគ្រឿងចេញ ហើយដឹកតាមឡាន ដើម្បីបន្លំភ្នែកសមត្ថកិច្ច ទង្វើបែបនេះត្រូវបាន មជ្ឈដ្ឋានសង្ស័យថា ពួកឈ្មួញប្រើល្បិច ជាមួយក្រុមមន្ត្រី ខិលខូចនៅកោះកុង ដើម្បីជាថ្នូរនឹង លាភសក្ការៈ ដោយក្រុមមន្ត្រីគយទាំងនោះ អនុញ្ញាតឲ្យ ដឹកម៉ូតូទាំងនោះ ទៅកាន់ក្រុងភ្នំពេញ ដោយគ្មាន លិខិតពន្ធនាំចូល ។

 តែបើមានសមត្ថកិច្ច ណាមួយធ្វើការ ឃាត់ត្រួតពិនិត្យ ពួកឈ្មួញបានប្រាប់ថា «ចាំស្អែកគេនឹងយក ពន្ធគយមកឲ្យមើល» ដែលធាតុពិត ពន្ធគយទាំងនោះ ត្រូវបានសង្ស័យថា ជាការត្រូវរូវគ្នា រវាងឈ្មួញរកស៊ីម៉ូតូ ជាមួយក្រុមគយ ដែលខិលខូចមួយចំនួន ។ សូមស្ថាប័នកំពូល មេត្តាចាត់វិធានការ ចំពោះបញ្ហានេះផង បើបណ្តែតបណ្តោយ តទៅទៀត ភាពអនាធិបតេយ្យ នៃការនាំម៉ូតូ អត់ពន្ធនេះ នឹងកើតមានច្រើនឡើងៗ ជាក់ជាមិនខាន ៕


ប្រភព:កោះសន្តិភាព

Post a Comment

 
Top