0
ស្វាយរៀង ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបំពាក់ ម៉ាស៊ីនប្រព័ន្ធបច្ចេកវិទ្យាទំនើប ហៅថា E-Card ដើម្បីគ្រប់គ្រង ច្រកព្រំដែនបាវិត ជាច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ដែលមានអ្នកដំណើរឆ្លងកាត់ យ៉ាងមមាញឹកបំផុត ក្នុង បំណងឲ្យការគ្រប់គ្រងទិន្នន័យបាន កាន់តែសុក្រិត្យច្បាស់លាស់ ហើយអាចទាញចំណូលថវិកាបន្ថែម សម្រាប់ជាតិ។ ប្រព័ន្ធគ្រប់គ្រងច្រកព្រំដែន E-Card នេះ អាចនឹងដំណើរការ នៅមុនពេលសមាហរណកម្មអាស៊ាន ចូលមកដល់ នាឆ្នាំ២០១៥ ខណៈបណ្តាប្រទេសជាសមាជិកអាស៊ាន មួយចំនួន កំពុងតែប្រើប្រាស់រួចទៅហើយ ។
ដើម្បីសម្រេចផែនការខាងលើនេះ លោក យិន សុវណ្ណី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអេប៊ល ម៉លធី សឺលូសិន ដែលជាក្រុមហ៊ុនរៀបចំដំឡើងម៉ាស៊ីនបច្ចេកវិទ្យា E-Card រួមនឹងលោកឧត្តមសេនីយ៍ទោ ព្រំ ឌុចបូរ៉ារឿន អនុប្រធាន នាយកដ្ឋានច្រកទី២ បានធ្វើដំណើរ ចុះទៅដល់ទីតាំងច្រកទ្វារអន្តរជាតិបាវិត ដើម្បីពិនិត្យមើលទីតាំង និងពិភាក្សាលើ បញ្ហាមួយចំនួនទៀត ដើម្បីធ្វើឲ្យដំណើរការប្រព័ន្ធ E-Card បានជោគជ័យ និងងាយស្រួលសម្រាប់ការធ្វើដំណើរ និង រថយន្តឆ្លងកាត់ ។
លោក យិន សុវណ្ណី បានមានប្រសាសន៍ នៅក្នុងកិច្ចពិភាក្សាគ្នានោះថា ការគ្រប់គ្រងច្រកព្រំដែន តាមប្រព័ន្ធបច្ចេក វិទ្យា E-Card នេះ នឹងជួយធ្វើឲ្យការធ្វើដំណើរ ឆ្លងកាត់នៅច្រកព្រំដែន មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយបានល្អ ប្រសើរ ព្រមទាំងធ្វើឲ្យការគ្រប់គ្រងទិន្នន័យ របស់អ្នកដំណើរបានកាន់តែច្បាស់លាស់ថែមទៀត។ មិនតែប៉ុណ្ណោះ ប្រព័ន្ធ E-Card នឹងចូលរួមចំណែក ស្វែងរកថវិកាសម្រាប់ជាតិ បានបន្ថែមទៀត តាមរយៈការលក់ E-Card ទៅឲ្យអ្នក ដំណើរ និងរថយន្តដែលឆ្លងកាត់។

បើតាមលោក យិន សុវណ្ណី ប្រព័ន្ធ E-Card នេះ វាក៏នឹងចូលរួមចំណែក សម្រួលដល់ការធ្វើដំណើរឆ្លងកាត់ របស់ប្រជា ពលរដ្ឋ ដែលនៅជាប់ព្រំដែនផងដែរ ។ ពោលប្រជាពលរដ្ឋនៅជាប់ព្រំដែន ដែលមានកាតមួយនេះ ពួកគាត់អាចធ្វើ ដំណើរចេញ-ចូល បានគ្រប់ពេលវេលា ដោយមិនចាំបាច់ឲ្យមន្រ្តីច្រកព្រំដែន ធ្វើការត្រួតពិនិត្យបន្ថែមនោះទេ។ ដូច្នេះ ការធ្វើដំណើររបស់ពួកគាត់ បានឆាប់រហ័សជាងមុន ។

ក្នុងកិច្ចសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ទោ ព្រំ ឌុចបូរ៉ារឿន បានឆ្លើយតបជាកង្វល់ថា ច្រកព្រំដែនបាវិត នៅថ្ងៃបុណ្យទានផ្សេងៗ មានភ្ញៀវឆ្លងកាត់រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដូច្នេះលោកបានសម្តែងកង្វល់ខ្លាចការប្រើប្រាស់ ប្រព័ន្ធ E-Card នាំឲ្យកកស្ទះរបស់អ្នកដំណើរ ។ លោកបានជំរុញឲ្យក្រុមហ៊ុនជួយសម្រួលលើបញ្ហាមួយនេះ ។

ឆ្លើយតបកង្វល់នេះ ក្រុមបច្ចេកទេសរបស់ក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន បានបញ្ជាក់ថា ក្រុមហ៊ុនបានទទួល ជោគជ័យក្នុងការប្រើប្រាស់ប្រព័ន្ធ E-Card នៅតាមច្រកព្រំដែន បណ្តាប្រទេសមួយចំនួន ដោយជោគជ័យ ។ ក្រុម បច្ចេកទេស បានបង្ហាញជំនឿមុតមាំថា ប្រព័ន្ធ E-Card នឹងមិនរំខាន់ដល់ការចេញចូលរបស់ដំណើរឡើយ។

ឆ្លងតាមការចុះទៅពិនិត្យ និងសិក្សា កាលពីថ្ងៃទី១៨ ខែធ្នូ ច្រកព្រំដែនអន្តរជាតិបាវិត មានទីតាំងគ្រប់គ្រាន់ សម្រាប់ ការដំឡើងម៉ាស៊ីន E-Card ដែលអាចជួយសម្រួល ដល់ការដំឡើងម៉ាស៊ីនបានឆាប់រហ័ស ។ លោក យិន សុវណ្ណី បាន សម្តែងការរំពឹងទុកថា ដំណើរការម៉ាស៊ីន E-Card នៅច្រកព្រំដែនអន្តរជាតិបាវិត អាចនឹងដំណើរការ នៅមុនសមាហ រណកម្មអាស៊ានចូលមកដល់ ។


តាមក្រុមបច្ចេកទេស បានពន្យល់ពីវិធី នៅក្នុងការប្រើប្រាស់ប្រព័ន្ធ E-Card នេះថា រាល់ភ្ញៀវចេញ-ចូល បន្ទាប់ ពីការ បំពេញបែបបទជាមួយមន្រ្តីច្រករួចរាល់ហើយនោះ ពួកគាត់ត្រូវនាំគ្នាទៅទិញ E-Card ដើម្បីបើកច្រកចេញ ដំណើរ បាន។ ប្រសិនបើគ្មាន E-Card ទេ ទ្វារមិនបើកឲ្យអ្នកដំណើរឆ្លងកាត់ឡើយ ។

ការប្រើប្រាស់ប្រព័ន្ធ E-Card នេះ ត្រូវបានគេមើលឃើញថា បណ្តាប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេស មួយ ចំនួនទៀត លើពិភពលោក បាន និងកំពុងប្រើប្រាស់ ដើម្បីគ្រប់គ្រងច្រកព្រំដែនប្រកបដោយភាពជោគជ័យ ហើយអាចចូលរួមរក្សាសុវត្ថិភាព តាមច្រកព្រំដែនបានខ្ពស់ផងដែរ ។

សូមបញ្ជាក់ថា ដើម្បីជាការសិក្សា ស្វែងយល់ឲ្យបានយល់ច្បាស់នោះ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ លោក យិន សុវណ្ណី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេប៊ល ម៉លធី សឺលូសិន ក៏បានអញ្ជើញមន្ត្រីជាន់ខ្ពស់ នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃមួយក្រុមទៅពិនិត្យមើលដោយផ្ទាល់ការគ្រប់គ្រងច្រកព្រំដែន អន្តរជាតិ ថាណាលេង (Thanalang) រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ រវាងច្រកទ្វារអន្តរជាតិណងខៃ ខេត្ត ឧត្តនថានី ប្រទេសថៃ តាមប្រព័ន្ធ E-Card ។

ប្រព័ន្ធ E-Card ដែលបានកំពុងដាក់ឲ្យប្រើប្រាស់ គ្រប់គ្រងភ្ញៀវទេសចរជាតិ អន្តរជាតិ ឆ្លងកាត់ច្រកទ្វារអន្តរជាតិ ថាណាលេង (Thanalang) រដ្ឋធានីវៀងច័ន្ទ ជាការគ្រប់គ្រងនូវចំនួនភ្ញៀវទាំងអស់ ដែលបានឆ្លងកាត់ច្រកទ្វារ ប្រកប ដោយរបៀបរៀបរយ និងងាយស្រួលថែមទៀតផង ហើយក៏មានការរំខានអារម្មណ៍សម្រាប់អ្នកដំណើរផងដែរ ៕

 ប្រភពពី: LookingToday

Post a Comment

 
Top