អស់ទាស់! ចោរស្រីម្នាក់ចាក់យុវជនម្នាក់ធ្លាយពោះវៀន ប្លន់យកម៉ូតូនិងគ្រឿងអលង្ការ
ខេត្តស្វាយរៀង ៖ យុវជនម្នាក់ធ្លាយពោះចេញពោះវៀនមួយទ្រេលមកក្រៅ បណ្តាលមកពីចោរស្រីម្នាក់ល្បួងយកទៅកន្លែងស្ងាត់ចាក់មួយកាំបិតចុងស្រួចចំពោះ ធ្លាយពោះវៀនចេញមកក្រៅបម្រុងប្លន់យកម៉ូតូ និងខ្សែកមាស ក៏ប៉ុន្តែមិនបានសម្រេច សំណាងអាក្រក់ត្រូវអ្នកស្រុកបានឃើញ ក៏ព្រួតគ្នាព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីម៉ោង៦ល្ងាច ថ្ងៃទី២៥ ធ្នូ ២០១៤ នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
បើតាមនគបាលក្រុងបាវិតបានឲ្យដឹងថា ចោរស្រីនេះឈ្មោះខុន ស្រីឌី អាយុ២០ឆ្នាំ ជាកម្មការិនីរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត បានល្បួងជនរងគ្រោះឈ្មោះ រួន ភិរម្យ ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មកររោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន មានទីលំនៅភូមិគម្ពោធលៀប សង្កាត់ច្រកម្ទេស ក្រុងបាវិត ។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ យុវជនរងគ្រោះចេញពីធ្វើការ ក៏ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ័ខ្មៅ សេរី២០១៣ បម្រុងត្រឡប់ទៅផ្ទះវិញ ស្របពេលនោះ ជនសង្ស័យជាចោរស្រីម្នាក់នេះ បានចេញមកទាក់ទងជនរងគ្រោះ ជួលឲ្យឌុបទៅផ្សារក្នុងមណ្ឌលកំសាន្តក្រុងបាវិត ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត រកទិញអីវ៉ាន់ និងឌុបបន្តទៅចន្ទ្រា ដោយឲ្យតម្លៃ២ម៉ឹនរៀល ជនរងគ្រោះឃើញនាងស្រីមានរូបរាងស្អាតផង ក៏យល់ព្រមដឹកចេញពីតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទៅមណ្ឌលកំសាន្ត រួចចោរស្រីចូលទិញកាំបិតចិតបន្លែមួយដាក់ក្នុងកាបូប រួចឡើងជិះម៉ូតូជនរងគ្រោះឌុបចេញពីមណ្ឌលកំសាន្តចូលតាមផ្លូវតាព្រឹម ពេលដល់ខាងត្បូងព្រៃចំការកូនគគីរ ក៏ឲ្យជនរងគ្រោះបើកម៉ូតូត្រឡប់មកផ្លូវជាតិវិញ រួចជិះទៅតាមផ្លូវភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ផុតផ្ទះអ្នកស្រុកដល់កន្លែងស្ងាត់ ក៏ដកកាំបិតចុងស្រួច ចាក់ចំពោះជនរងគ្រោះមួយកាំបិត ធ្លាយពោះចេញពោះវៀន ហើយជនរងគ្រោះក៏បានឈប់ម៉ូតូ ពេលឈប់នោះចោរស្រីបានឆក់យកខ្សែ.កជនរងគ្រោះទម្ងន់៥ជី តែមិនបានសម្រេច ។
សំណាងល្អប្អូនប្រុសជនរងគ្រោះមកតាមក្រោយបានឃើញ ក៏ស្រែកឆោឡោឲ្យគេជួយ អ្នកស្រុកបានឮ នាំគ្នាព័ទ្ធស្ទាក់ចាប់បានភ្លាមៗ រួចប្រគល់ឲ្យនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃអង្គុញ ចាត់ការតាមច្បាប់ ។ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូ ដើម្បីសង្គ្រោះ ដោយរបួសធ្ងន់ធ្ងរក្រុមគ្រួសារបានបញ្ជូនទៅប្រទេសវៀតណាមដើម្បីសង្គ្រោះបន្ត ។ នេះជាលើកទីមួយហើយក្នុងទឹកដីខេត្តស្វាយរៀង ដែលមានចោរស្រីម្នាក់ឯង ហ៊ានលល្បួងមនុស្សប្រុសយកទៅប្លន់ ។ បច្ចុប្បន្នជនជាចោរស្រីដៃឆើតប្រគល់ឲ្យនគបាលចាត់ការតាមនីតិវិធី រីឯម៉ូតូប្រគល់ឲ្យក្រុមគ្រួសារវិញ។
ប្រភពពី:កោះសន្តិភាព
Post a Comment