0

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ម្នាក់បាន​​រង​របួស​ធ្ងន់​ក្នុង​អំពើ​ហិង្សា​មួយ​ដែល​បង្ក​ដោយ​ជនល្មើស​ម្នាក់ ​​ប្រើ​កូនប្រុស​អាយុ​១២​ឆ្នាំ រត់​ទៅ​ផ្ទះ​យក​កាំបិត​ខ្វែវ​កាប់​គ្មាន​ញញើត​ដៃ រួច​រត់គេច​ខ្លួន​ចូល​ទឹកដី​ថៃ​បាត់​។​ អំពើ​ហិង្សា​នេះបាន​កើតឡើងកាល​ពី​វេលា​ម៉ោង​២​ និង​៥​នាទី​រសៀល​ ថ្ងៃ​ទី​២៣​ ធ្នូ​ ២០១៤ នៅ​ភូមិ​តា​ស្រី ឃុំគោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ​

លោកវរសេនីយ៍ត្រី ដៀប ពេជ្រ មេបញ្ជាការ​រងវរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ក្នុង​អំពើ​កាប់​ប្រហារ​នេះ ឈ្មោះ អ៊ុ​ក រ៉ា ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​តា​ស្រី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ចំណែក​ជន​ដៃដល់​ឈ្មោះ​ភី គាក់ ភេទ​ប្រុស ​អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ។

លោក​មេបញ្ជាការ​រងបាន​បញ្ជាក់​ថា​​ ​មុន​ពេល​កើតហេតុ ជនល្មើស​ឈ្មោះ ភី គាក់ បាន​ឈរ​និយាយទូរស័ព្ទ​នៅ​ក្រៅរបង​មុខ​ផ្ទះ​ជន​រង​គ្រោះ ដោយ​ស្រែក​ឮ​ខ្លាំង​ៗ ពេល​នោះ​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់ថា «កុំ​សូវ​និយាយ​ឮ​ខ្លាំង​ពេក​កូន​ខ្ញុំ​កំពុង​ដេក​ក្រែង​កូន​ខ្ញុំ​ភ្ញាក់» គ្រាន់តែ​ប៉ុណ្ណោះ​ជនល្មើស​និយាយ​ទៅ​កាន់​ជន​រង​គ្រោះ​ថា​ «អា​ហែង​ប្រយ័ត្ន​អញ​កាប់​ងាប់» រួច​បាន​ប្រើ​កូនប្រុស​ របស់​ខ្លួនអាយុ​១២​ឆ្នាំ​ឲ្យ​រត់​ទៅ​ផ្ទះ​យក​កាំបិត​ខ្វែវ​មកកាប់​ត្រូវ​ចំ​ថ្ងាស១​កាំបិតខ្វែវ​មុតជំរៅ​០,៨​សង្ទីម៉ែត្រ​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ដេក​ក្នុង​ថ្លុកឈាម បន្ទាប់មក​ជនល្មើស​បាន​រត់​ចូល​ទៅក្នុង​ទឹកដី​ថៃ​បាត់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​អ្នក​ជិតខាង​ជួយ​ដឹក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ភូមិ​ដេរ​ជា​ច្រើន​ថ្នេរ ។

 លោក​មេបញ្ជាការ​រងបាន​បញ្ជាក់​បន្ថែម​ថា ​ជន​ដៃដល់ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ កំពុងធ្វើការ​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​ថៃដើម្បី​តាម​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕​

Post a Comment

 
Top