រាជធានីភ្នំពេញ៖ ប្រភពពីមន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ លោកឧកញ៉ា ថោង សារ៉ាត់ បានឲ្យមេធាវីការពារក្តីរបស់ខ្លួន ដាក់ពាក្យចូលទៅសាលាដំបូង ដើម្បីការពារក្តីក្នុងសំណុំរឿងឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អឹុង ម៉េងជឺ។ក្រៅពីការពារក្តីឲ្យលោក ថោង សារ៉ាត់ មេធាវីក៏ការពារក្តីឲ្យអង្គរក្សទាំង ៤ នាក់ ទៀតផងដែរ។
មេធាវីការពារក្តីឲ្យលោកឧកញ៉ា ថោង សារ៉ាត់ លោក គា អ៊ាវ បានឲ្យដឹង កាលពីរសៀលថ្ងៃទី២០ ខែធ្នូថា លោកបានដាក់ពាក្យការពារក្តីលោកឧកញ៉ា ថោង សារ៉ាត់ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤។លោកមេធាវី បានអះអាងថា “ខ្ញុំនៅតែមានជំនឿថា តុលាការ ក៏ដូចជាសមត្ថកិច្ច ត្រូវតែធ្វើការស្រាវជ្រាវឲ្យច្បាស់ថា តើពាក្យថា សារភាពរបស់អង្គរក្សនឹងវាស៊ីចង្វាក់នឹងអង្គហេតុទេ ស៊ីចង្វាក់ទៅនឹងដំណើររឿងទេ ស៊ីចង្វាក់ទៅនឹងភស្តុតាង ដែលមានទេ។ ឧបមាភស្តុងតាមមួយរកបានពីកាម៉ារ៉ា ឃើញរូបមនុស្សរាងចឹង ឧបម៉ាថា សៀង វាសនា ថាខ្លួនបានប្រព្រឹត្ត យកសៀង វាសនា ស្លៀកពាក់ដូចគ្នាមើល សម្តែងឈុតក្រោមនឹងមើល តើវាដូចគ្នា ឬមិនដូចគ្នា បើតាមមើលមាឌវាខុសគ្នាបាត់ទៅហើយ ដូចកូនក្តីខ្ញុំបានអះអាងចឹង វាមិនដូចគ្នាទេ គ្រាន់តែដៃឆ្វេង ដៃស្តាំក៏ខុសគ្នាដែរ អីចឹងបានន័យថា ភស្តុតាងនឹងមិនស៊ីចង្វាក់ទេ”។
លោកគិតថា បើតាមនីតិវិធីតុលាការ យើងដឹងហើយច្បាប់ បើទោះបីជននោះសារភាព ក៏ត្រូវឆ្លងកាត់ការអង្កេតបឋមរបស់ព្រះរាជអាជ្ញា រហូតដល់ចៅក្រមអង្កេត ហើយបានយកមកកាត់ក្តី ធ្វើការដេញដោលដើម្បីមើលថា តើវាស៊ីចង្វាក់គ្នាអត់។ ហើយលោកនៅតែនិយាយដដែលថា ពាក្យសារភាពនឹងវាអាចមិនស៊ីចង្វាក់និងភស្តុតាង ឬមិនស៊ីចង្វាក់ទៅនិងអង្គហេតុ ដំណើររឿងពិតទេ។ លោកមេធាវី គា អ៊ាវ បានលើកឡើងថា លោកក៏មិនកាន់ជើងឃាតករ ឬក៏ទៅកាន់ជើងអ្នកប្រព្រឹត្តអំពើធ្វើឲ្យបាត់សណ្តាប់ធ្នាប់សង្គមនោះទេ ប៉ុន្តែអ្វីដែលលោកការពារនេះ គឺការពារក្នុងនាមថា ចូលរូមជាមួយសមត្ថកិច្ច និងតុលាការដើម្បីស្វែងរកឃាតករពិតឲ្យឃើញ។ ហើយលោកមិនចង់ឃើញថា អ្នកស្លាប់ទទួលរងភាពអយុត្តិធម៌ហើយ ហើយបែរជាមកដាក់គុកមនុស្សម្នាក់ទៀត មិនមែនជាឃាតករពិតប្រាកដ ហើយជនដែលជាឃាតករពិតប្រាកដរួចខ្លួនវាសមអីចឹងទេ។
ករណីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អឹុង ម៉េងជឺ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៤ សមត្ថកិច្ចជំនាញបានធ្វើការប្រមូលភស្តុតាងជាច្រើនដូចជា វីដេអូកាម៉ារានៅកន្លែងលក់ផ្លែឈើ នៅផ្ទះរបស់លោកឧកញ៉ា ថោង សារ៉ាត់ និងផ្ទះរបស់ប្រពន្ធ និងកន្លែងមួយចំនួនទៀតដោយដកហូតបានសំភារៈមួយចំនួន ក៏ប៉ុន្តែគេមិនទាន់ដឹងថា អ្វីដែលសមត្ថកិច្ចបានដកហូតនោះ វាមានការជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មនេះឬអត់។ ចំណែកលោកឧកញ៉ា ថោង សារ៉ាត់ ដែលតុលាការចោទប្រកាន់ក្នុងរឿងផ្តើមគំនិតក្នុងអំពើឃាតកម្មនេះ ក៏រត់គេចខ្លួនបន្ទាប់ពីអង្គរក្សចំនួន៤នាក់ របស់លោកត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ ដោយសារតែសមត្ថកិច្ចកម្ពុជា មិនដឹងថា លោកឧកញ៉ា ថោង សារ៉ាត់ រត់គេចខ្លួននៅទីណាពិតប្រាកដនោះ ក៏បានស្នើសុំកិច្ចសហការជាមួយបណ្តាប្រទេសជិតខាង និងជាមួយប៉ូលិសអន្តរជាតិ ក្នុងការស្វែងរកចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ខណៈពេលដែលនគរបាលកម្ពុជា និងគរបាលអន្តរជាតិ កំពុងតែស្វែងរកចាប់ខ្លួននោះ លោកឧកញ៉ា ថោង សារ៉ាត់ បានបង្ហាញមុខតាមវីដេអូគ្លីប ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក នៅក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល។ ក្នុងវីដេអូ ដែលមានរូបនិងសម្លេងរបស់លោក ថោង សារ៉ាត បាននិយាយដោះសារថា លោកនិងអង្គរក្សពុំបានជាប់ជំពាក់នឹងការធ្វើឃាត នោះទេ។ ថោង សារ៉ាត បានលើកពីមូលហេតុ២យ៉ាងមកបញ្ជាក់ដោយការអះអាង លោកមិន ដែលស្គាល់និងជាប់ពាក់ព័ន្ធជាមួយនឹងឧកញាអ៊ឹង ម៉េងជឺ និងថាលោកមានភស្តុតាងបញ្ជាក់ថាក្នុង ពេលកើតហេតុនោះ អង្គរក្សទាំង៤បានស្ថិតនៅទីកន្លែងផ្សេង។ នៅក្នុងវីដេអូគ្លីប ថោង សារ៉ាត់ បានលើកដៃសំពះ សុំឲ្យលោកនាយករដ្ខមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌ឲ្យខ្លួននិងអង្គរក្សរបស់ខ្លួន និងបានអះអាងថា ខ្លួននិងអង្គរក្ស មិនមានជាប់ពាក់ព័ន្ធ ក្នុងអំពើឃាតកម្ម សម្លាប់លោកឧកញ៉ា អឹុង ម៉េងជឺ នោះទេ។
ទាក់ទងវីដេអូគ្លីបនេះ ត្រូវបានលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា បើសិនជាលោក ថោង សារ៉ាត់ អះអាងដូចអ្វីដែលគាត់បាននិយាយនៅក្នុងវីដេអូគ្លីប សមត្ថកិច្ចសូមស្វាគមន៍ចំពោះវត្តមានរបស់លោក ថោង សារ៉ាត់ ឬអាចរកមេធាវីមកតតាំងជាមួយតុលាការ ដើម្បីការពារ ដើម្បីឲ្យសាធារណៈជនគាត់អស់ចិត្ត។សូមរំលឹកថា លោកឧកញ៉ា អុឹង ម៉េងជឺ ថៅស៊ីម៉ង់តិ៍ត្បូងពេជ្រ និងជាប្រធានក្រុមហ៊ុន Shimmex Group ត្រូវបានឃាតករបាញ់សម្លាប់ កាលពីវេលាម៉ោងប្រមាណ៧និង១៨នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោក ចុះពីរថយន្ត ទៅទិញផ្លែឈើ នៅហាងលក់ផ្លែឈើយីហោ ឡោតិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។មានមនុស្សចំនួន ៦នាក់ ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ ក្នុងនោះមានអង្គរក្ស ឧកញ៉ា ថោង សារ៉ាត់ ចំនួន៤នាក់ ជាប់ចោទពីបទអំពើឃាតកម្ម គិតទុកជាមុន និងសមគំនិត ក្នុងអំពើឃាតកម្ម និង២នាក់ទៀត ដែលជាឪពុក ម្តាយ របស់ ថោង សារ៉ាត់ ត្រូវបានចោទប្រកាន់ ពីបទប្រើប្រាស់ អាវុធខុសច្បាប់៕
ប្រភពពី: vow-news
Home
»
ព័ត៌មានជាតិ
» ថោង សារ៉ាត់ ឲ្យមេធាវីការពារក្តីរបស់ខ្លួន ដាក់ពាក្យចូលតុលាការ តតាំងក្តីក្នុងសំណុំរឿងបាញ់សម្លាប់ អឹុង ម៉េងជឺ
Subscribe to:
Post Comments (Atom)
Post a Comment