ស្រឡាញ់គ្នាតាមទូរស័ព្ទ៥ខែ ណាត់ជួបគ្នារួមរស់បាន៣ថ្ងៃម្តាយស្រីរកឃើញប្តឹងចោទពីបទចាប់ពង្រត់
រាជធានីភ្នំពេញ ៖ គូស្នេហ៍វ័យក្មេង១គូបានទាក់ទងគ្នាយ៉ាងផ្អែមល្ហែមតាមទូរស័ព្ទរយៈពេល៥ខែកន្លងមកហើយ ទីបំផុតខាងប្រុសបានចាកចេញពីស្រុកកំណើតរបស់ខ្លួននៅឯខេត្តកំពង់ធំទៅរកខាងស្រីដល់ខេត្តព្រៃវែង ហើយបាននាំគ្នាមកស្នាក់នៅផ្ទះជួលនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ លុះពេលម្តាយខាងស្រីដឹងតាមរកឃើញបានចោទយុវជននោះថា ពង្រត់កូនស្រីគាត់ និងប្ដឹងប៉ូលិសប៉ុស្ដិ៍ចោមចៅឲ្យចាប់ខ្លួនយុវជននោះទៅសាកសួរនៅប៉ុស្ដិ៍កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី ២៣ ធ្នូ ២០១៤។
គូស្នហ៍វ័យក្មេងខាងលើនោះ ខាងប្រុសឈ្មោះឌី ដារ៉ូ អាយុ១៨ឆ្នាំ មុខរបរជាអ្នកនេសាទ មានស្រុកកំណើតនៅភូមិប្រាសាទ ឃុំសាគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំណែខាងស្រីឈ្មោះវ័ន ណារ៉ា អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិកំពង់ស្លែង ឃុំឆាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្រោយពេលទៅដល់ប៉ុស្ដិ៍ប៉ូលិសចោមចៅ យុវជន ឌី ដារ៉ូ បានសារភាពប្រាប់ថា ខ្លួន និងនាង វ័ន ណារ៉ា មានទំនាក់ទំនងស្រលាញ់គ្នាតាមទូរស័ព្ទ៥ខែមកហើយដោយសារទូរស័ព្ទច្រឡំលេខ។ ថ្វីបើមិនបានឃើញមុខគ្នាក៍ពិតមែន តែក្នុងរយៈពេល៥ខែនេះ ពួកខ្លួនបានស្រលាញ់គ្នាខ្លាំងណាស់ និងបានសច្ចាថានៅពេលបានជួបមុខគ្នា ទោះបីជាយ៉ាងណា ក៏ពួកគេត្រូវយកគ្នាជាប្ដីប្រពន្ធដែរ។
យុវជននោះបានបន្តថា ដោយសារតែអន្ទះសារចង់ជួបមុខនាងណារ៉ា ខ្លាំងពេក ទើបនៅថ្ងៃទី១៩ ខែធ្នូ ខ្លួនបានសម្រេចចិត្តធ្វើដំណើរចាកចេញពីខេត្តកំពង់ធំទៅរកនាងនៅឯខត្តព្រៃវែង ដោយបានណាត់ជួបគ្នា នៅផ្ទះលោកមេភូមិ។ លុះពេលបានជួបក្ដីស្រលាញ់បានកើនឡើងទ្វេរដង និងបានសម្រេចចិត្តថាត្រូវតែរស់នៅជាមួយគ្នាជាប្ដីប្រពន្ធរហូតទៅ មិនតែប៉ុណ្ណោះ ដោយខ្លាចឪពុកម្ដាយខាងស្រីបំបែក ទើបពួកខ្លួននាំគ្នាចាកចេញឲ្យឆ្ងាយសិន ចាំជម្រាបពួកគាត់ជាក្រោយ រួចក៏បាននាំគ្នាមកស្នាក់នៅភ្នំពេញនេះតែម្ដង ។
យុវជនរូបនោះបញ្ជាក់ថា ពួកគេរួមរស់ជាមួយគ្នាជាប្តីប្រពន្ធឥតខាន់ស្លា តែមិនបានធ្វើអ្វីខុសពីគន្លងប្រពៃណីទេ ដោយរូបគេទុកកិត្តិយសឱ្យខាងស្រី ដោយមិនបានប៉ះពាល់នាងឡើយ។ នៅក្នុងប៉ុស្ដិ៍ប៉ូលិសនាង វ័ន ណារ៉ា ក៏បានអះអាងដូចគ្នាទៅនឹងយុវជននោះដែរ ហើយដោយសារតែសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅពន្យល់ណែនាំ រួមជាមួយយុវជនខាងលើប្រាប់ថា ខ្លួននឹងចូលស្ដីដណ្ដឹងនាងធ្វើជាប្រពន្ធតាមប្រពៃណីទើបឪពុកម្ដាយនាងលែងប្ដឹងផ្ដល់ និងបានទុកឱកាសឲ្យយុវជននោះចូលស្ដីកូនស្រីគាត់តាមកិច្ចសន្យាដែលបានធ្វើឡើងនៅចំពោះមុខប៉ូលិសប៉ុស្ដិ៍ចោមចៅ៕
Post a Comment