0
ព្រះសីហនុ: បុរស​ពីរ​នាក់​ជា​បងប្អូនជីដូន​មួយ​នឹង​គ្នា​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់ទៀត បាន​ស្លាប់ មុនពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ខណ​:​បើក​ម៉ូតូឌុប​គ្នា ចេញពី​ស៊ីការ​មិត្តភក្តិ ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ បើក​ម៉ូតូ​ទៅបុក​ខឿន​ចែកផ្លូវ ខ្ទាត​ទៅ​ប៉ះ​នឹង​បង្គោល​ភ្លើង​បោក​ក្បាល​ជាមួយ​ខឿន​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោងជាង ៩ យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ ត្រង់ចំណុច​ស្តុ​ប (​កា​រ៉ា​ស់​សាំង​កាល់​តិច )​ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​ សមត្ថកិច្ច​ចរាចរ បាន​ប្រាប់​ឲ្យ​ដឹងថា យុវជន ដែល​ស្លាប់​ទាំង​២​នាក់ ទី​១​ឈ្មោះ កោះ​ដៀវ អាយុ ២៩​ឆ្នាំ ជាជាង​សំណង់ (​ជា​អ្នកបើកបរ​) ស្លាប់​នៅនឹងកន្លែង ទី​២​ឈ្មោះ ពៅ អាយុ ៤៤ ឆ្នាំ ស្លាប់​មុនពេល​បញ្ជូន​ទៅជិត​ដល់​មន្ទីរពេទ្យ​។ អ្នក​ទាំងពីរ មាន​ទីលំនៅ​ក្រោយ​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

​នៅមុន​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ទាំងពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1D-2994 ឌុប​គ្នា​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​បើក​មកដល់​ចំណុចកើតហេតុ ដែលជា​ផ្លូវ​កោង ក៏​ស្រាប់តែ​ម៉ូតូ​ជនរងគ្រោះ បាន​ជ្រុល​ទៅបុក​ខឿន​ចែកផ្លូវ​នៅ​ពីរ​មុខ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ទាំងពីរ​នាក់ ខ្ទាត​ចេញពី​ម៉ូតូ​ទៅ​បោក​ជាមួយ​បង្គោល​ភ្លើង ដែល​នៅ​ចំ​កណ្តាល​ខឿន រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​បាន​ស្លាប់ ខណៈពេល​បញ្ជូន ជិត​ទៅដល់​មន្ទីរពេទ្យ​ចំការចេក​៕



ប្រភព:vow-news

Post a Comment

 
Top