0

-ស្នងការ ខេត្តបន្ទាយមានជ័យ ដាក់ល្បាតរថយន្ត ពន្លត់អគ្គិភ័យ ងាយស្រួល បាញ់ទប់ស្កាត់ ក្រែងភ្លើងឆេះ មកដល់ផ្ទះ ប្រជាពលរដ្ឋ នៅជើងភ្នំ បន្ទាយមានជ័យ ៖ ដោយសារតែរដូវនេះ មានខ្យល់បក់ខ្លាំងៗ និងម្យ៉ាងទៀត មកពីសកម្មភាព របស់មនុស្ស (បោះចោល កន្ទុយបារី ដុតព្រៃចាប់សត្វ…) តែងតែនាំឲ្យ មានគ្រោះអគ្គិភ័យ កើតឡើង ជាបន្តបន្ទាប់ នៅក្នុង ភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ ដែលធ្វើឲ្យ កម្លាំងនគរបាល និងប្រជាពលរដ្ឋ បានចេញ ជួយអន្តរាគមន៍ គ្រប់ពេលវេលា មិនបង្អង់ទុកយូរ នោះឡើយ។ ជាក់ស្តែង នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ មានការភ្ញាក់ផ្អើល ក្រោយពី ហេតុ ការណ៍ ភ្លើងឆេះ ស្មៅ ដើមព្រិច និងដើមឈើតូចៗ នៅលើភ្នំស្វាយ ស្ថិតនៅ កណ្តាលទីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានកើតឡើង។

បើភ្លើង ឆេះខ្លាំង នោះអាចនឹងរីករាលដាល ដល់ផ្ទះប្រជាពលរដ្ឋ នៅជើងភ្នំ ជាក់ជា មិនខានឡើយ ។ យ៉ាងណាក៏ដោយ កម្លាំងនគរបាល នៃការិយាល័យ ពន្លត់ អគ្គិភ័យ កម្លាំងនគរបាល មូលដ្ឋាន និងប្រជាពលរដ្ឋ ជាច្រើននាក់ បានចេញ ជួយអន្តរាគមន៍ភ្លាមៗ ផងដែរ ខ្លាចភ្លើងឆេះមកក្រោម ហើយអាច រីក រាលដាល ដល់ផ្ទះ នៅតាមជើងភ្នំជាច្រើនខ្នងនោះ ។

ស្នងការនគរបាល ខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម ដែលដឹកនាំកម្លាំង សមត្ថកិច្ច ចុះទៅបាញ់ពន្លត់ភ្លើង បានថ្លែងបញ្ជាក់ថា ក្រោយទទួលព័ត៌មាន នៃភ្លើង ឆេះស្មៅ ដើមព្រិច និងដើមឈើតូចៗ នៅលើភ្នំស្វាយ ខណៈនៅតាមជើងភ្នំ មានផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នងនោះ លោកបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ។ រថយន្តទាំង២គ្រឿង នេះ ត្រូវបានលោកស្នងការ បញ្ជាក់ថា ដើម្បីបាញ់ស្កាត់ នៅខាងក្រោយផ្ទះ ប្រជាពលរដ្ឋ ដែលសំបូរទៅដោយស្មៅ និងដើមឈើតូចៗ ខណៈភ្លើងអាចឆេះ រីករាលដាល នៅពេលណាមួយ។

លោកឧត្តមសេនីយ៍ ស្នងការបាន បន្តបញ្ជាក់យ៉ាងដូច្នេះថា «ជាលទ្ធផល យើងអាចគ្រប់គ្រង សភាពការណ៍ បានដោយជោគជ័យ ដោយយើង បានបាញ់ទឹក ស្កាត់ទឹក ជាច្រើនកន្លែង ហើយបងប្អូន ប្រជាពលរដ្ឋ របស់យើង ពួកគាត់ក៏ បានចូលរួម យ៉ាងខ្លាំងផងដែរ»។

លោកស្នងការ ខេត្តបន្ទាយមានជ័យ បានបង្ហាញអំពីវិធានការណ៍បន្ថែម ដោយត្រៀម រថយន្តបាញ់ ពន្លត់អគ្គិភ័យ ចំនួន២គ្រឿងផងដែរ នៅយប់ថ្ងៃដដែលនេះ ដើម្បីឲ្យល្បាត ងាយស្រួល បាញ់ពន្លត់ភ្លើង ទាន់ពេលវេលា បើសិនភ្លើង អាចឆេះរីករាលដាល ដល់ផ្ទះប្រជាពលរដ្ឋនោះ ។

បើតាមលោកស្នងការ ភ្លើងបានឆេះ នៅលើកំពូលភ្នំ តែប៉ុណ្ណោះ មិនទាន់ឆេះ មកកាន់ផ្ទះ ប្រជាពលរដ្ឋ នៅខាងជើងភ្នំនោះទេ តែបើឆេះកាន់តែ ខ្លាំងនោះ កម្លាំងនគរបាល របស់លោក នឹងចេញជួយអន្តរាគមន៍ភ្លាមៗ ។

សូមបញ្ជាក់ថា ក្នុងរយះពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងនគរបាល ទាំងថ្នាក់ស្នងការ និងនគរបាល មូលដ្ឋាន បានចេញជួយអន្តរាគមន៍ បាញ់ ពន្លត់ភ្លើង ជាបន្តបន្ទាប់ ក្នុងហេតុការណ៍ ភ្លើងឆេះស្រូវ និងជញ្ជ្រាំងស្រូវ របស់ប្រជាកសិករ នៅតាមតំបន់មួយចំនួន តែជាលទ្ធផល មិនបណ្តាលឲ្យ មានការខូចខាត ធ្ងន់ធ្ងរនោះឡើយ៕

ប្រភពពី:ដើមអម្ពិល

Post a Comment

 
Top