ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលអោយយុវជន២នាក់រងរបួសធ្ងន់ធ្ងរ
ភ្នំពេញ ៖ យុវជន២នាក់ត្រូវរងរបួសធ្ងន់ធ្ងរនៅនឹងកន្លែង បន្ទាប់ពីពួកគេជិះម៉ូតូពីរគ្រឿងក្នុងល្បឿនលឿនដូចគ្នា ហើយជ្រុលបុកគ្នានៅចំណុចផ្លូវកែងពេញទំហឹង នៅតាមបណ្តោយផ្លូវលេខ១៨២ កែងនឹងផ្លូវលេខ ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង ២៣ និង ៤៥នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពី ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ជិះធ្វើដំណើរតាមបណ្តោយផ្លូវ ១៨២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ជិះធ្វើដំណើរដោយយុវជនម្នាក់តាមបណ្តោយផ្លូវលេខ២៦៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចគ្នា ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុកគ្នាចំពីមុខពេញទំហឹងបណ្តាលភាគីទាំងសងខាង ដួលបោកផ្ទប់ទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូរងការខូចខាត។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញចុះធ្វើការអន្តរាគមន៍វាស់វែង លើកយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នានាពេលក្រោយ ៕
ប្រភពពី: yobminh
Post a Comment