រថយន្តឡង់គ្រីស័របុកម៉ូតូវីវ៉ាអូសជាង៣គីឡូម៉ែត្រ របួសធ្ងន់ម្នាក់និងស្លាប់ម្នាក់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ
ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀតបានស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីពួកគេ ជិះម៉ូតូវីវ៉ាមួយគ្រឿង ហើយត្រូវរថយន្តឡង់គ្រីស័រ បើកបរដោយបុរម្នាក់ ក្នុងល្បឿនលឿនបុកពេញទំហឹង កាលពីវេលាម៉ោង៣និង១០នាទីទាបភ្លឺ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ១០៥ កែងផ្លូវលេខ២១៤ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ហើយរថយន្តបានព្យាយាមបើករត់និងអូសម៉ូតូជាប់ រហូតមកដល់ចំណុចមុខផ្ទះលេខ១៤ តាមបណ្តោយផ្លូវលេខ៥៧ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ទើបត្រូវបានសមត្ថកិច្ចឃាត់ជាប់។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹង ថាមុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូវីវ៉ាមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AE-4928 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2A-4859 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ហើយបានបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ហើយរថយន្តបានព្យាយាមបើករត់និងអូសម៉ូតូនៅក្រោមរថយន្តរហូតមកដល់ចំណុចមុខផ្ទះលេខ១៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមនត្រូវបានសមត្ថកិច្ចឃាត់ជាប់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែដោយអកុសលយុវជនម្នាក់ ដោយរបួសមានស្ថានភាពធ្ងន់ធ្ងរពេកក៏បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
ប្រភពពី: yobminh
Post a Comment