បាត់ដំបង ៖ ស្ត្រីម្នាក់ដែលមានស្វាមីហើយតាំងខ្លួនជាជនរងគ្រោះបានស្ទុះស្ទាទៅដាក់ពាក្យបណ្ដឹងដោយបានចោទប្រកាន់ទៅលើសមាជិកគណៈកម្មការវត្តម្នាក់ដែលបានចាប់រំលោភខ្លួន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១១និង២០នាទីយប់ ត្រង់ចំណុចភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់ពីប្ដីចាប់ភស្តុតាងបាននិងដេញដោលខ្លាំងពេក។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលទទួលបានពាក្យបណ្ដឹងរបស់ស្ត្រីម្នាក់ឈ្មោះប៉ែន ស្រី អាយុ៤៧ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើបានរៀបរាប់ថា នៅយប់ថ្ងៃកើតហេតុខណៈដែលខ្លួនកំពុងសំរាកក៏ស្រាប់តែឮសម្លេងឈ្មោះ មិន សារុន ហៅលន ភេទប្រុស អាយុ៦៦ឆ្នាំជាសមាជិកគណៈកម្មការវត្តបឹងប្រី បានមកស្រែកហៅអោយខ្លួនចុះមកដីព្រោះប្ដីរបស់ខ្លួនមិនបានមកទេ។ នៅពេលនោះខ្លួនក៏បានចុះមកក្រោមផ្ទះហើយក៏ត្រូវឈ្មោះលនចាប់ខ្លួនផ្ដួលទៅលើគ្រែនៅខាងមុខផ្ទះ ព្រមទាំងបានធ្វើសកម្មភាពចាប់បង្ខំខ្លួនរំលោភរហូតបានសំរេច ទើបត្រឡប់ទៅផ្ទះវិញ ព្រោះផ្ទះរបស់គាត់ស្ថិតនៅក្នុងភូមិជាមួយគ្នា។ នៅពេលទទួលបានពាក្យបណ្ដឹងនោះភ្លាម សមត្ថកិច្ចបានដាក់កំលាំងចុះទៅឃាត់ខ្លួនឈ្មោះ មិន សារុន ហៅលន ដើម្បីយកមកសាកសួរនៅអធិការដ្ឋាន នៅពេលនោះដែរ ជនសង្ស័យបានសារភាពថា នេះមិនមែនជាករណីរំលោភទេ ព្រោះស្ត្រីដែលជាជនរងគ្រោះគឺជាអ្នកដាំស្លនៅក្នុងវត្តបឹងប្រីដែរ ឯខ្លួនក៏ជាសមាជិកគណៈកម្មការនៅក្នុងវត្តដូចគ្នា ទើបមានការត្រូវរ៉ូវគ្នាក្នុងការរួមភេទនេះគ្មានអ្នកណាបង្ខំអ្នកណានោះទេគឺមានការព្រមព្រៀងដោយចិត្តនិងចិត្ត។
ដើម្បីអោយរឿងនេះកាន់តែច្បាស់សមត្ថកិច្ចបានហៅស្វាមីរបស់ស្ត្រីរងគ្រោះឈ្មោះយិន ផន អាយុ៤៥ឆ្នាំមកធ្វើការសាកសួរ ដោយនៅចំពោះមុខសមត្ថកិច្ចបុរសជាប្ដីបានរៀបរាប់ថារឿងការព្រមព្រៀងឬក៏ចាប់រំលោភនេះខ្លួនមិនបានដឹងទេ ព្រោះត្រូវប្រពន្ធរបស់ខ្លួនលាក់ជិតរហូតប៉ុន្តែនៅថ្ងៃមួយខ្លួនបានប្រទះឃើញកាបូបលុយមួយដែលលាក់ទុកនៅលើផ្ទះ ដោយមានការសង្ស័យទើបខ្លួនបានដេញដោលខ្លាំងដោយចង់ដឹងថា តើកូនកាបូបលុយនេះបានមកពីណាពេលនោះ ទើបប្រពន្ធរបស់ខ្លួនបានសារភាពថា ជាកាបូបរបស់ឈ្មោះ លន គឺពេលដែលគាត់មកចាប់រំលោភខ្លួននៅលើគ្រែខាងមុខផ្ទះ ហើយក៏ជ្រុះនៅទីនោះតែម្តងទើបសំរេចចិត្តដាក់ពាក្យប្ដឹង ប៉ុន្តែតាមពិតគឺនាងមានបំណងលាក់រឿងនេះមិនអោយខ្លួនដឹងឡើយដរាបណាខ្លួនមិនបានឃើញកាបូបនិងមិនបាន ដេញដោលអោយបានច្បាស់ទេនោះ។
ពាក់ព័ន្ធនឹងរឿងនេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាណន់បានធ្វើការសន្និដ្ឋានទៅលើចំលើយមនុស្ស៣នាក់ ដោយប្រពន្ធបានចោទថា គេចាប់រំលោភរហូតបានសំរេច ចំណែកប្ដីបានចោទប្រពន្ធថា មានការលាក់លៀមមិនព្រមប្រាប់ បើខ្លួនមិនបានដេញដោល ដោយឡែកជនជាប់ចោទបានលើកឡើងថា គឺជាការព្រមព្រៀងគ្មានការបង្ខិតបង្ខំឡើយ។ បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំឯកសារដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងដើម្បីអោយច្បាប់ជាអ្នកសំរេចទៅតាមនីតិវិធី៕
ប្រភព: vow-news
Subscribe to:
Post Comments (Atom)
Post a Comment