0


សារព័ត៌មាន Thanhnien News បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​ថា វៀតណាម​គឺ​​​ជា​ជម្រក​របស់​អ្នក​រកស៊ី​ផ្លូវ​ភេទ ១១២៤០​នាក់ ប៉ុន្តែ​ចំនួន​ពិត​ប្រាកដ​អាច​មាន​ច្រើន​លើស​ពី​នេះ។ របាយការណ៍​ផ្លូវការ​បាន​បង្ហាញ​ថា រដ្ឋធានី​ហាណូយ​មាន​អ្នក​រកស៊ី​លក់​ខ្លួន ៣៦៧៣​នាក់ ចំណែក​ក្រុង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង ហូជីមិញ មាន​អ្នក​ប្រកប​របរ​នេះ ៣២០០​នាក់។

គណៈកម្មការ​ជាតិ​ផ្នែក​បង្ការ​ជំងឺ​អេដស៍ និង​ទប់ស្កាត់​ពេស្យាចារ ដែល​ជា​អ្នក​រៀប​ចំ​កិច្ច​ប្រជុំ​រួម​គ្នា​ជាមួយ​ក្រសួង​កិច្ចការ​សង្គម កំពុង​ត្រួត​ពិនិត្យ​ឡើង​វិញ​ចំពោះ​​ផល​ប៉ះពាល់ នៃ​បញ្ញត្ត​ប្រឆាំង​នឹង​ឧស្សាហកម្ម​សិច​ថ្មី​ដែល​ចូល​ជា​ធរមាន​តាំង​ពី​ ឆ្នាំ​២០០៣។ អំឡុង​កិច្ច​ប្រជុំ​នៅ​ក្រុង​ហាណូយ កាល​ពី​ថ្ងៃ​សុក្រ អ្នក​ស្រាវជ្រាវ និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​វៀតណាម បាន​ទទួល​ស្គាល់​ព្រម​គ្នា​ថា បញ្ហា​ពេស្យាចារ​បាន​វាយលុក​ខ្លាំង​នៅ​រដ្ឋធានី​ហាណូយ ក្រុង​ហូជីមិញ និង​តំបន់​នៅ​ជុំ​វិញ​នោះ។ មន្ត្រី​វៀតណាម​បាន​និយាយ​ថា បញ្ហា​នេះ​មិន​ត្រឹម​តែ បង្កើន​ហានិភ័យ​ក្នុង​ការ​ឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​កាមរោគ​ផ្សេងៗ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ការ​ជួញ​ដូរ​កុមារ និង​ស្ត្រី​កើន​ឡើង​ផង​ដែរ។

លោក Nguyen Trong Dam ដែល​ជា​អនុប្រធាន​កិច្ចការ​សង្គម​ជន​ពិការ និង​ពលកម្មបាន​និយាយ​ថា អាជីវកម្ម​មួយ​នេះ​កំពុង​លូតលាស់​តាម​របៀប​ជា​ច្រើន​ដែល​ច្បាប់​មិន​អាច​ដោះ​ស្រាយ​បាន ដោយ​ក្នុង​នោះ​រួម​មាន ទេសចរណ៍​សិច អ្នក​រកស៊ី​ផ្លូវ​ភេទ​ជា​ជនបរទេស បុរស​លក់​ខ្លួន និង​សេវាកម្ម​សិច​ភេទ​ដូច​គ្នា​ជាដើម។ លោក Dam បាន​បន្ត​ទៀត​ថា អាជីវកម្ម​សិច​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​តាម​បណ្ដាញ​អ៊ីនធើរណិត ជាពិសេស​បណ្ដាញ​ទំនាក់​ទំនង​សង្គម Facebook។ សេវាកម្ម​ផ្លូវ​ភេទ​បាន​រីក​ដុះដាល​កាន់​តែ​ខ្លាំង ហើយ​ថែម​ទាំង​មាន​ការ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ និង​សារ​ផ្សេងៗ​ដែល​ស្ថិត​នៅ​ក្រៅ​ការ​គ្រប់​គ្រង​របស់​មន្ត្រី​មាន​សមត្ថកិច្ច។ រូប​ភាព​នៃ​ការ​រកស៊ី​ផ្លូវ​ភេទ ពេល​នេះ​បាន​ធ្វើ​ឡើង​នៅ​តាម​ហាង​កាហ្វេ កន្លែង​កាត់​សក់ និង​កន្លែង​ម៉ាស្សា​ជាដើម។ ចំណែក​ឯ​ការ​លក់​ខ្លួន​តាម​ទី​សាធារណៈ ដូច​ជា​សួនច្បារ​ និង​តាម​ដង​ផ្លូវ ក៏​កំពុង​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

កាល​ពី​ដំណាច់​ឆ្នាំ​មុន មន្ត្រី​វៀតណាម​កំណត់​បាន​ទីតាំង​លក់​ខ្លួន​សាធារណៈ ៥៨ កន្លែង​ក្នុង​ក្រុង​ហូជីមិញ និង​ហាង​រាប់ពាន់​កន្លែង​ទៀត ដែល​បង្កប់​សេវា​រកស៊ី​ផ្លូវ​ភេទ។ ពេស្យាចារ​នៅ​វៀតណាម​ក៏​ដូច​នៅ​កម្ពុជា​ដែរ គឺ​ជា​អំពើ​ខុស​ច្បាប់ ដែល​នឹង​ត្រូវ​ផ្ដន្ទា​ទោស ទាំង​អ្នក​ប្រព្រឹត្ត និង​អ្នក​ផ្ដល់​សេវា។ អ្នក​ជួញ​ដូរ​ផ្លូវ​ភេទ ត្រូវ​ប្រឈម​មុខ​ក្នុង​ការ​ពិន័យ​ពី ៣០០០០០​ដុង(១៤.២​ដុល្លារ)​សម្រាប់​ការ​ប្រព្រឹត្ត​លើក​ទី​មួយ ដល់ ៥​លាន​ដុង(២៣៤​ដុល្លារ) ​ប្រសិន​បើ​មិន​រាង​ចាល។ ចំណែក​ឯ​អ្នក​ទទួល​សេវា​ផ្លូវ​ភេទ​វិញត្រូវ​ពិន័យ​ពី​ ៥០០០០០​ដុង ដល់ ៥​លាន​ដុង អាស្រ័យ​លើ​ស្ថាន​ភាព​ជាក់​ស្ដែង៕

ប្រភព:vow-news

Post a Comment

 
Top