0

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​កម្មករ​អូស​រទេះ​ជា​ច្រើន​នាក់ បាន​លើកគ្នា​មក​តវ៉ា​ដោយ​យក​រទេះអូស​ទំនិញ​របស់​ខ្លួន​បិទផ្លូវ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត (​ខាង​ទឹកដី​ខ្មែរ​) និង​លើ​ដងផ្លូវ​ជាតិ​លេខ​៥ មុខ​កន្លែង​បត់​ចូល​ទីលាន​ត្រួតពិនិត្យ​របស់​មន្ត្រី​គយ ដើម្បី​មិន​ឱ្យធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន ។ ក្រុម​កម្មករ​អូស​រទេះ​បាន​ហៅ​ការ​តវ៉ា​របស់​ខ្លួន​នេះ​ថា ដើម្បី​ទាមទារ «​សុំ​រស់​» ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២១ ធ្នូ តាំងពី​វេលា​ម៉ោងជាង​១១​ព្រឹក ហើយ​រហូត​ដល់​ម៉ោងជាង​១​រសៀល​ទើប​រំសាយ ។

ក្នុងអំឡុងពេល​នៃ​ការ​តវ៉ា​នេះ​ដែរ រថយន្ត​តូច​ធំ​មក​ពី​ទឹកដី​ថៃ ក៏​ដូច​ជា​រថយន្ត​ក្នុង​ទឹកដី​ខ្មែរ មិន​អាច​ធ្វើ​ចរាចរណ៍​បាន​ទេ ដោយសារ​ការ​កកស្ទះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ ក្រុម​កម្មករ​ជា​ច្រើន​នាក់​បាន​តវ៉ា​ដោយ​យក​រទេះ​ដាក់​ទទឹង​ផ្លូវ ហើយ​ពួក​គាត់​លើក​ឡើង​ថា ក្រោយ​ពី​ការ​បង្កើត​ទីលាន​ត្រួតពិនិត្យ និង​តម្រូវ​ឱ្យ​រាល់​រទេះអូស​ចូល​ទៅ​ទីនោះ ដែល​ក្រុម​មន្ត្រី​អះអាង​ថា ដើម្បី​ឱ្យ​ម្ចាស់​ទំនិញ​ចូល​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អា​រក​ចូល​រដ្ឋ​នោះ ពួក​គាត់​មិន​មាននៅ​សល់​អ្វី​ឡើយ ។ ម្យ៉ាង ការ​អូស​រទេះ​ចូល​ទីលាន​ត្រួតពិនិត្យ​មាន​សមត្ថកិច្ច​ជួយ​ធ្វើ​ចរាចរណ៍​តែ​នៅ​ពេល​អូស​ចូល​បុ​៉​ណ្ណោះ លុះ​ក្រោយ​ពី​ត្រួតពិនិត្យ​ហើយ​អូស​ចេញ​មក​តាម​គោលដៅ​វិញ ពុំ​មាន​សមត្ថកិច្ច​ណា​ជួយ​ធ្វើ​ចរាចរណ៍​ឡើយ រហូត​មាន​ពេល​ខ្លះ​ប៊ិះ​តែ​នឹង​កើត​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ផង ព្រោះតែ​ដងផ្លូវ​នៅ​ប៉ោយ​ប៉ែ​ត​បច្ចុប្បន្ន​តូច​ចង្អៀត រថយន្ត​តូច​ធំ​ចត​គ្មាន​សណ្តាប់ធ្នាប់ ។

ទោះជា​យ៉ាងណា ការ​តវ៉ា​បិទផ្លូវ​នេះ​បាន​រំសាយ​វិញ បន្ទាប់​ពី​មន្ត្រី​គយ និង​រដ្ឋាករ​ពិសេស​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​សម្រុះសម្រួល និង​ណែនាំ​ពួក​គាត់​ឱ្យ​ងាក​រក​ផ្លូវច្បាប់​ហើយ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​បញ្ឈប់​ការ​តវ៉ា​បិទផ្លូវ ព្រោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​ឆ្លងកាត់​របស់​ភ្ញៀវ​ទេសចរ​បរទេស ។ ថ្វី​ដ្បិតតែ​បាន​រំសាយ​មែន បុ​៉​ន្តែ​ក្រុម​កម្មករ​បាន​តវ៉ា​បិទផ្លូវ​ជា​លើក​ទី​២ លើ​ដងផ្លូវ​ជាតិ​លេខ​៥ មុខ​អតីត​ផ្សារ​រ៉ា​ចាស់ ជាទី​លាន​ត្រួតពិនិត្យ​រទេះ​បន្ត​ដោយ​ដាក់រទេះ​ពាំង​ពេញ​ផ្លូវ​តែ​ម្តង ។ ថ្វីបើ​យ៉ាងនេះ​ក្តី ការ​តវ៉ា​ជា​លើក​ទី​២​នេះ ធ្វើ​ឡើង​តែ​មួយប៉ប្រិចភ្នែក​បុ​៉​ណ្ណោះ ក៏​ត្រូវ​អាជ្ញាធរ និង​សមត្ថកិច្ច​សុំ​ឱ្យ​ពួក​គាត់​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ទីលាន​ត្រួតពិនិត្យ​រទេះ​វិញ​ហើយ​នៅ​ទីលាន​ត្រួតពិនិត្យ​ក្រុម​កម្មករ​បាន​លើក​ឡើង​ដដែល​ដូច​រៀបរាប់​ខាងលើ ។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ណែនាំ​ក្រុម​កម្មករ​ឱ្យ​បញ្ឈប់​សកម្មភាព​តវ៉ា​តាម​ដងផ្លូវ ហើយ​នាំ​គ្នា​ជ្រើសរើស​តំណាង​មក​ជួប​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​នៅ​ទីលាន​ត្រួតពិនិត្យ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​តាម​ផ្លូវ​សាធារណៈ និង​ហាមឃាត់​ដាច់ខាត​ចំពោះ​ការ​ធ្វើ​បាតុកម្ម ។ លោក ឈួ​ន ហៃ ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រោយ​ពី​ក្រុម​កម្មករ​តវ៉ា​ពី​ការ​លំបាក​នេះ លោក​បាន​បកស្រាយ​ដោយ​លើក​ឡើង​ថា ខាង​លោក​មានការ​យោគយល់​ច្រើន​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន ប៉ុន្តែ​បើ​ការ​អូស​ទំនិញ​ពេញ​រទេះ​ចេញពី​ដី​ថៃ​គ្រប់​គ្នា​ចេះ​តែ​លើក​ហេតុផល​ថា ជា​របស់​ច្រើន​ម្ចាស់​នោះ​វា​នឹង​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ ។

លោក​បន្ត​ថា ទំនិញ​តាម​រទេះ​បើ​ពិតជា​តិចតួច ត្រូវ​ឱ្យ​ម្ចាស់​ទំនិញ​មក​ជាមួយ​ដើម្បី​ដឹង​ថា ទំនិញ​លើ​រទេះ​ជា​របស់​នរណា​ខ្លះ ព្រោះ​ធ្វើ​បែប​នេះ​វា​មាន​ភាព​ងាយស្រួល​កុំឱ្យ​ជន​ឆ្លៀតឱកាស​ចេះ​តែ​ដឹក​ទំនិញគេចពន្ធ​តាម​រូបភាព​ផ្សេង​ៗ ។ ក្រុម​កម្មករ​បាន​រំសាយ​ក្រោយ​ពី​ការ​បកស្រាយ​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នៅ​ម៉ោងជាង​១​រសៀល​ថ្ងៃ​ដដែល ។ មុន​នេះ ក្រុម​កម្មករ​អូស​រទេះ​បាន​ត្អូញត្អែរ​ថា បន្ទាប់​ពី​មាន​ទីលាន​ត្រួតពិនិត្យ​មក មាន​តែ​ក្រុមហ៊ុន​ធំ​ៗ​ទេ ដែល​នៅ​បន្ត​នាំ​ទំនិញ​ពី​ថៃ​មក តែ​បាន​ថយ​ចុះ​ច្រើន ដោយសារ​តែ​ការ​ជ្រែ​ទំនិញ​បាន​កម្រៃ​ខ្លះ​ត្រូវ​បាន​កាត់​ផ្តាច់​នា​ពេល​នេះ ៕

Post a Comment

 
Top