កោះកុង: ជនដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិសខេត្តកោះកុង សហការជាមួយប៉ូលិសខេត្តត្រាត ប្រទេសថៃ ធើ្វការចាប់ខ្លួន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤។ លោក ឃឹមសាណេ ស្នងការរងទទួលបន្ទុកកណ្តាលយុតិ្តធម៌ បានឲ្យដឹងថា ជនដៃដល់ដែលត្រូវចាប់ខ្លួននោះ គឺឈ្មោះ ផាត ពឿន ហៅវ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅឃុំទួលសួគ៌ ស្រុកអូររាំងឪ ខេត្តកំពង់ចាម។
លោកស្នងការរង បាននិយាយថា ជនដៃដល់ខាងលើ បានប្រព្រឹត្តបទល្មើសកាប់សម្លាប់បុរសជាជនរងគ្រោះម្នាក់ ឈ្មោះ សៀង លិម អាយុ ៥២ ឆ្នាំ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នៅខេត្តរតនគីរី រួចបានរត់គេចខ្លួនឆ្លងដែន មកកាន់ប្រទេសថៃ ស្នាក់នៅក្នុងស្រុកបរ៉ៃ ខេត្តត្រាត ធើ្វជាកម្មករនេសាទ បានជិតប្រាំខែ ទើបសមត្ថកិច្ចយើងស្រាវជ្រាវរកឃើញ និងឈានទៅធ្វើការចាប់ខ្លួន។ លោក ឃឹម សាណេ បានឲ្យដឹងបន្ថែមថា ការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តរតនគីរី លេខ២០.១៤ ធើ្វនៅខេត្តរតនគីរី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ដែលចុះហត្ថលេខាដោយលោក ឡុច ឡៅ ចៅក្រមស៊ើបសួរ។ លោកបន្តថា ជនដៃដល់ នឹងត្រូវបញ្ជូនខ្លួនទៅកាន់ខេត្តរតនគីរីវិញ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
មុខឃាតក
ប្រភព:vow-news
Post a Comment