0


ភ្នំពេញ: ក្រុម​អ្នកភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​ធ្វើតេស្ត​ឈាម រកឃើញថា មាន​ផ្ទុកមេរោគ​អេដស៍ កំពុង​រៀបចំ​ពាក្យបណ្តឹង ដាក់​ទៅកាន់​តុលាការ ដើម្បី​ទាមទារ​សំណង ពី​គ្រូពេទ្យ​ភូមិ ដែល​ពេលនេះ កំពុង​ជាប់ពន្ធនាគារ​។ នេះ​បើតាម​អ្នកភូមិ​រកា ដែល​កំពុង​ផ្ទុកមេរោគ​អេដស៍ បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ​។​ អ្នកភូមិ​រូបនោះ បាន​អះអាងថា នៅពេលនេះ ក្រុម​អ្នកភូមិ កំពុង​ស្រង់​ស្ថិតិ​អ្នក​ដែល​ធ្វើតេស្ត​ឈាម ហើយ​រកឃើញថា មាន​ផ្ទុកមេរោគ​អេដស៍ ដើម្បី​ធ្វើ​ពាក្យបណ្តឹង ដាក់​ទៅកាន់​តុលាការខេត្ត​បាត់ដំបង ទាមទារ​សំណង​ពី​គ្រូពេទ្យ​ភូមិ ដែលជា​អ្នក​ព្យាបាល​អ្នកភូមិ បណ្តាល​ឲ្យ​ឆ្លង​មេរោគ​អេដស៍​។​ ​

រហូតដល់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៤ ក្រុម​អ្នកភូមិ​រកា នៅតែ​បន្តទៅ​ធ្វើតេស្ត​ឈាម នៅ​មណ្ឌល​សុខភាព​ឃុំ​រកា​។ ក្នុងនោះ អ្នកភូមិ ដែល​បានធ្វើ​ចំណាកស្រុក ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ក៏បាន​វិល​ត្រលប់ មកកាន់​ផ្ទះ​វិញ ហើយ​ក៏បាន​ទៅធ្វើ​តេស្ត​ឈាម​ជា​បន្តបន្ទាប់​នៅ​មណ្ឌល​សុខភាព​ឃុំ​រកា​។ អ្នកភូមិ​ចំណាកស្រុក​ទាំងនោះ ក៏​ធ្លាប់បាន​ឲ្យ​គ្រូពេទ្យ​ភូមិ​នោះ ព្យាបាល ដោយ​ចាក់​ថ្នាំ​ផងដែរ មុននឹង​ចាកចេញ​ពី​ស្រុកភូមិ ទៅធ្វើ​កម្មករ​ចំការ​ដំឡូង​។ អ្នកភូមិ​ចំណាកស្រុក​នោះ មួយចំនួន ក៏​ត្រូវបាន​រកឃើញថា មាន​ផ្ទុកមេរោគ​អេដស៍​ផងដែរ​។​ រហូតដល់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៤ ក្រុមគ្រូពេទ្យ​ខេត្ត រួមទាំង​គ្រូពេទ្យ នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ មិនបាន​បង្ហាញ​ពី​តួលេខ​នៃ​អ្នកភូមិ​រកា ដែល​បានធ្វើ​តេស្ត​ឈាម មាន​ផ្ទុកមេរោគ​អេដស៍​នោះទេ​។ ប៉ុន្តែ​របាយការណ៍​ចុងក្រោយ​ពី​វិ​ទ្យ​ស្ថាន ប៉ាស្ទ័រ ដែលជា​កន្លែង​ពិនិត្យ​ឈាម នៅ​ភ្នំពេញ បង្ហាញថា អ្នកភូមិ​រកា ដែល​ធ្វើតេស្ត​ឈាម មាន​ផ្ទុកមេរោគ​អេដស៍ មាន​ចំនួន ១៤០ នាក់ គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី​២០ ខែធ្នូ ឆ្នាំ​២០១៤​។​ ​

សូម​រម្លឹកថា បន្ទាប់ពី​ប៉ូលិស​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៤ គ្រូពេទ្យ​នៅ​ភូមិ​រកា លោក យ៉ែម ជ្រិ​ន ត្រូវបាន​ព្រះរាជអាជ្ញា តុលាការខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​២២​ធ្នូ បានសម្រេច​ចោទប្រកាន់​បី​បទល្មើស រួមមាន​៖ ទី​១-​បទ​ឃាតកម្ម អំពើ​ឃោរឃៅ (​មាត្រា ២០៥) នៃ​ក្រមព្រហ្មទណ្ឌ ទី​២-​ការប្រព្រឹត្ត​ចម្លង​មេរោគ​ដេ​ស៍​ទៅ​អ្នកដទៃ (​មាត្រា​១៨ និង​មាត្រា​៥០) នៃ​ច្បាប់​ស្តីពី ការបង្ការ និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​/​ជំងឺអេដស៍ និង​បទល្មើស​ទី​៣-​បទ​ធ្វើ​អាជីវកម្ម​ពេទ្យ ដោយ​គ្មាន​ការអនុញ្ញាត​។​ ​លោកគ្រូ​ពេទ្យ​ភូមិ យ៉ែម ជ្រិ​ន ត្រូវបាន​គេ​សង្ស័យថា ជា​អ្នកធ្វើ​ឲ្យ​មាន​ការឆ្លង​មេរោគ​អេដស៍​ដល់​អ្នកភូមិ នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង​។ គ្រូពេទ្យ​នោះ បាន​ប្រើ​ស៊ី​រាំង​រួមគ្នា ដើម្បី​ព្យាបាល​អ្នកជំងឺ​។ តុលាការ បានសម្រេច​ឃុំខ្លួន​គ្រូពេទ្យ យ៉ែម ជ្រិ​ន នៅ​ពន្ធនាគារ​ខេត្តបាត់ដំបង​៕​

ប្រភព:vow-news

Post a Comment

 
Top