ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅតាមដងផ្លូវ សង្ស័យករណីវាយប្លន់យកម៉ូតូ
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅតាមដងផ្លូវប៉េតុងមួយកន្លែង ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោងប្រមាណ២៣ និង ០០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ ដោយមានស្នាមវាយបំបែកក្បាល និងដងខ្លួន ។
បុរសខាងលើនេះ មានភិនភាគ ស្លៀកខៅប៊ូយជើងវែង ពណ៌ទឹកប៊ិច ពាក់អាវយឺតដៃខ្លី ពណ៌ស ហើយគ្មានអត្តសញ្ញាណនៅជាប់ខ្លួនឡើយ ។ ក្រោយពីប្រទះឃើញបែបនេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានចុះអន្តរាគមន៍លើយកសពទៅតម្គល់នៅវត្តសំបួរមាស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រហូតដល់រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ សពបុរសខាងលើនៅមិនទាន់បានត្រូវស្គាល់អត្តសញ្ញាណនៅឡើយទេ ។
តាមប្រភពព័ត៌មាននៅកន្លែងប្រទះឃើញសាកសពខាងលើនេះ បានអោយដឹងថា ដំបូងឡើយបុរសរងគ្រោះត្រូវជនមិនស្គាល់មុខលបវាយ ពីក្រោយបណ្តាលអោយដួលសន្លប់ស្តូកស្តឹង ហើយប្លន់ម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ទៅបាត់។ ដោយឡែកប្រភពខ្លះទៀតបាននិយាយថា បុរសរងគ្រោះជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលអោយបោកក្បាលបែកហូរឈាមសន្លប់រហូតដាច់ខ្យល់ស្លាប់ ហើយត្រូវជនមិនស្គាល់មុខ លើកម៉ូតូជិះយកទៅបាត់។ ដោយឡែកសមត្ថកិច្ចមូលដ្ឋានវិញបានសន្និដ្ឋានថា បុរសរងគ្រោះស្រវឹងស្រាដើរដួលខ្លួនឯង បោកក្បាលហូរឈាមដាច់ខ្យល់ស្លាប់ ។
គួរបញ្ជាក់ថា បុរសរងគ្រោះខាងលើនេះមុននឹងដាច់ខ្យល់ស្លាប់ បានរងរបួសសន្លប់ស្តូកស្តឹងអស់រយះពេលរាប់ម៉ោង មិនឃើញមានរថយន្តសាមុយ ឬសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍លើកយកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ អោយបានទាន់ពេលវេលាឡើយ គឺបណ្តោយទុកអោយអ្នករងគ្រោះដាច់ខ្យល់ស្លាប់តាមយថាកម្ម ដូចសង្គមជាតិគ្មានផ្នែកមនុស្សធម៌បន្តិចណាសោះឡើយ ។ អ្នកស្រុករស់នៅជុំវិញកន្លែងកើតហេតុខាងលើ បានសំណូមពរទៅលោកតេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ ដែលទើបប្រកាសចូលកាន់ដំណែងថ្មីៗ ក៏ដូចជាលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យ សូមមេត្តាចល័តកម្លាំងល្បាតពួនស្ទាក់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុន និងសង្កាត់ស្ទឹងមានជ័យ ដែលតែងតែកើតមានអំពើលួចឆក់ប្លន់ ក្មេងទំនើងគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ កំពុងកើតមានយ៉ាងគគ្រឹកគគ្រែង បង្កអោយមានភាពអសន្តិសុខញឹកញ៉ាប់ដូចករណីខាងលើនេះ ហើយគ្មានសមត្ថកិច្ចការពារឈរជើងនៅតំបន់នោះឡើយ៕
ប្រភពពី: yobminh
Post a Comment