ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់គ្រូពេទ្យពាក់ព័ន្ធនឹងការចម្លងអេដស៍នៅខេត្តបាត់ដំបង
បាត់ដំបង៖ ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃចន្ទនេះបានចោទប្រកាន់៣ចំណុចនៃបទចោទទៅលើគ្រូពេទ្យឯកជនម្នាក់ឈ្មោះ លោក យ៉ែម ជ្រិន ដែលកំពុងជាប់ពាក់ព័ន្ធនឹងករណីចម្លងជំងឺអេដស៍ទៅមនុស្សរាប់រយនាក់នៅក្នុងភូមិរការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង លោក នួន សាន ប្រាប់VODនៅល្ងាចថ្ងៃចន្ទនេះ លោកបានបញ្ចប់ការសាកសួរ លោក យ៉ែម ជ្រិន នៅថ្ងៃចន្ទនេះ ដោយសម្រេចចោទលោកគ្រូពេទ្យ លើចំណុច៣នៃបទចោទ គឺទី១ ការចម្លងជំងឺអេដស៍ទៅអ្នកដទៃ ទី២ពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ និងទី៣ ពាក់ព័ន្ធនឹងខុសវិជ្ជាជីវៈពេទ្យ។ លោកមិនបានបញ្ជាក់លម្អិតទៅលើចំណុចទាំងនេះ និងបទចោទជាក់លាក់នោះទេ។លោកថាលោកបានបញ្ជូនករណីនេះទៅចៅក្រមស៊ើបសួររួចមកហើយ។ ស្នងការរងនគរបាលខេត្តបាត់ដំបង លោក ជេត វន្នី ប្រាប់VODថា លោក យ៉ែម ជ្រិន ជាគ្រូពេទ្យមិនមានអាជីពច្បាស់លាស់ ហើយមានការធ្វេសប្រហែសក្នុងការងារ និងការប្រើប្រាស់សម្ភារៈមិនមានអនាម័យ។
លោកបន្តថាតាមរយៈការសាក សួរ គ្រូពេទ្យឈ្មោះ យ៉ែម ជ្រិន បានសារភាពថាខ្លួនព្យាបាលអ្នកជំងឺដោយធ្វេសប្រហែស និងបានប្រើសឺរាំងដដែលៗសម្រាប់អ្នកជំងឺ។ លោកបញ្ជាក់ថា«គាត់[យ៉ែម ជ្រិន]ប្រើសឺរាំងមិនមានអនាម័យ ត្រឹមត្រូវតាមវិជ្ជាជីវៈ»។ នៅពេលសាកសួរថាតើបុរសម្នាក់នោះជាជនជាតិអ្វី លោក ជេត វន្នី មានប្រសាសន៍ថាលោក យ៉ែម ជ្រិន ជាជនជាតិខ្មែរ ហើយមិនមានផ្ទុកមេរោគអេដស៍នោះទេ បើតាមការពិនិត្យ និងការសារភាព។ប៉ុន្តែលោកថា កន្លងទៅគ្រូពេទ្យនោះបានទៅពិនិត្យរកមេរោគអេដស៍នៅរាជធានីភ្នំពេញ តែបានដាក់ឈ្មោះអ្នកដទៃជំនួសវិញ។ លោកបន្តថារហូតមកដល់ពេលនេះ លោកបានបញ្ជូនគ្រូពេទ្យនោះទៅតុលាការ ដើម្បីបន្តការសាកសួរ។ ចំណែកសម្ភារៈពេទ្យត្រូវបានបញ្ជូនទៅក្រសួងសុខាភិបាល។
ច្បាប់ស្តីពីការបង្កា និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ត្រង់មាត្រា២ បង្ហាញថាជំរុញឲ្យមានការប្រុងប្រយ័ត្នជាសាកលចំពោះវិធីសាស្រ្ត និងការអនុវត្តទាំងឡាយណាដែលអាចបង្កឲ្យមានគ្រោះថ្នាក់ក្នុងការចម្លងមេរោគអេដស៍/ជំងឺអេដស៍។ មាត្រានេះបង្ហាញទៀតថានឹងចាត់វិធានការសមស្របចំពោះរាល់កត្តាទាំងឡាយណាដែលធ្វើឲ្យកាន់តែធ្ងន់ធ្ងរដល់ការរីករាលដាលមេរោគអេដស៍ជំងឺអេដស៍។ ចំពោះមាត្រា១៨នៃច្បាប់នេះបង្ហាញថាហាមឃាត់ដាច់ខាតចំពោះអ្នកដឹងថាខ្លួនមានមេរោគអេដស៍/ជំងឺអេដស៍ទៅប្រព្រឹត្តក្នុងចេតនាចម្លងទៅអ្នកដទៃ។ទោសបញ្ញត្តិនៃច្បាប់នេះ គឺជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា១៨ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។
តាមការអះអាងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ប្រជាពលរដ្ឋតែងតែហៅលោក យ៉ែម ជ្រិន មកព្យាបាលដល់ផ្ទះនៅពេលមានបងប្អូនឈឺថ្កាត់។ ពលរដ្ឋបន្តថាពួកគេតែងតែហៅគ្រូពេទ្យរូបនោះមកព្យាបាល ដោយសារតែពួកគេអាចជំពាក់លុយគ្រូពេទ្យនោះបានសម្រាប់ការព្យាបាល។ លោកវេជ្ជបណ្ឌិតDidier Fontenille នាយកវិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា ប្រាប់VODកាលពីរសៀលថ្ងៃសៅរ៍ថាចំនួនសំណាកឈាមដែលត្រូវបានធ្វើ តេស្តថាវិជ្ជមានបានកើនឡើងពីចំនួន៩០ កាលពីថ្ងៃសុក្រ រហូតមកដល់ចំនួន១៤០រហូតមកដល់រសៀលថ្ងៃសៅរ៍នេះ។លោកមានប្រសាសន៍ថា «យើងបានបញ្ជាក់ថាសំណាកឈាមមនុស្ស១៤០នាក់វិជ្ជមានមេរោគអេដស៍រហូតមក ដល់ពេលនេះ ក្រោយពីបានធ្វើតេស្តចំនួន៣ដង។ នេះជារឿងមិនធម្មតា»។
លោក Didier Fontenille បន្ថែមថាចំនួននេះអាចនឹងមានច្រើនជាងនេះបន្តទៀត ដោយសារសំណាកឈាមត្រូវបានផ្តល់ជាបន្តបន្ទាប់ពីខេត្តបាត់ដំបងដោយ ក្រសួងសុខាភិបាល។ លោកមិនអាចបញ្ជាក់ថាតើមានសំណាកឈាមប៉ុន្មានដែលត្រូវបានផ្តល់ សម្រាប់ការធ្វើតេស្តរហូតមកដល់ពេលនេះនៅឡើយទេ តែលោកថាក្នុងការធ្វើតេស្តឈាមក៏មានសំណាកឈាមមួយចំនួន អវិជ្ជមានផងដែរ។ លោកថា«ខ្ញុំមិនទាន់ដឹងពីមូលហេតុច្បាស់លាស់(នៃ ការឆ្លងមេរោគអេដស៍)នោះទេ។ អ្នករាល់គ្នាមានការភ្ញាក់ផ្អើល ដោយសារវាមិនធម្មតា។យើងកំពុងតែស៊ើបអង្កេតលើបញ្ហានេះ។មន្រ្តីជំនាញ នៅតាមមូលដ្ឋានក៏កំពុងតែស្រាវជ្រាវផងដែរ»។
សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់ អង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាល អង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ និងវិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា ចេញផ្សាយកាលពីសប្តាហ៍មុនឲ្យដឹងថាកាលពីចុងខែវិច្ឆិកាឆ្នាំ២០១៤ បុរសម្នាក់អាយុ៧៤ឆ្នាំ ដែលមកពីភូមិរការ ឃុំរការ បានធ្វើតេស្តឈាមរកមេរោគអេដស៍នៅមណ្ឌលសុខភាពរការ និងទទួលបានលទ្ធផលវិជ្ជមាន។ ក្រោយពីទទួលបានទទួលលទ្ធផលនេះ គាត់បានបញ្ជូនចៅស្រី និងកូនប្រសារប្រុសរបស់គាត់មកធ្វើតេស្ត ហើយពួកគេក៏ទទួលលទ្ធផលវិជ្ជមានដែរ។សេចក្តីប្រកាសបន្តថាបុរសម្នាក់ នោះបានប្រាប់ទៅអ្នកភូមិដទៃថា គាត់ធ្លាប់ទទួលបានសេវាព្យាបាលពីអ្នកព្យាបាលជំងឺឯកជនក្នុងភូមិ ម្នាក់ ហើយគាត់ក៏បានអន្ទងឲ្យអ្នកភូមិដទៃទៀត ដែលធ្លាប់បានទៅពិនិត្យជំងឺជាមួយអ្នកព្យាបាលជំងឺឯកជនក្នុងភូមិ ម្នាក់នោះទៅធ្វើតេស្តឈាមរកមេរោគអេដស៍ដែរ៕
ប្រភព:vow-news

Post a Comment